ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ជាមួយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ 

នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (គ.ស.ទ.) លោក ជីវ កេង ប្រធានតុលាការកំពូល និង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ អ៊ុនធឺណិត” ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នទាំងពីរ ប្រមាណ ២០០ នាក់។

អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ២ សំខាន់ រួមមាន ៖

 (១) ដាក់ ឱ្យប្រើប្រាស់ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verity.gov.kh និង ថ្នាលនិងសេវារដ្ឋាភិបាលឌីជីថល (DGPs) សម្រាប់ប្រើប្រាស់ក្នុង ស្ថាប័នតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ។

និង (២) រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ុនធឺណិតសម្រាប់ ការប្រើប្រាស់ក្នុងតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល។

ពិធីចុះហត្ថលេខាអនុស្សរណៈនេះ បានបង្ហាញឱ្យឃើញអំពីការចូលរួមរបស់តុលាការកំពូល និងមហាអយ្យការអម តុលាការកំពូល ដែលជាស្ថាប័នយុត្តិធម៌កំពូល ជាមួយនឹង ក.ប.ទ. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងនាមជា អង្គការនីតិប្រតិបត្តិ រួមគ្នាជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងរំហូរការងារ កាត់បន្ថយភាពស្មុគស្មាញក្នុងការងាររដ្ឋបាល ប្រចាំថ្ងៃ ជាពិសេស ផ្តល់ភាពងាយស្រួលនិងជំនឿទុកចិត្តដល់ប្រជាពលរដ្ឋដែលត្រូវទទួលសេវាយុត្តិធម៌នៅតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល តាមរយៈការប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្ទៀងផ្ទាត់ឯកសារ នានារបស់ស្ថាប័នតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ព្រមទាំងការប្រើប្រាស់ ផ្ទាលនិងសេវារដ្ឋាភិបាល ឌីជីថល (DGPs) ផ្សេងទៀតដែលអភិវឌ្ឍដោយ ក.ប.ទ.។

សូមបញ្ជាក់ផងដែរថា ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និង ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្តេន QR Code ស្ដង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើ នីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះ មេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុត របស់អាស៊ាន ហើយប្រព័ន្ធសុខាភិបាលឌីជីថល របស់ព្រះរាជាណាចក្រថៃទទួលបានមេដាយប្រាក់ និងប្រព័ន្ធសំបុត្រកំណើត

និងសំបុត្រមរណភាព របស់ប្រទេសសិង្ហបុរីទទួលបានមេដាយសំរឹទ្ធ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖