ខេត្តកោះកុង ៖ រដ្ឋបាលស្រុកបូទុមសាគរ បំភ្លឺថា ពលរដ្ឋដែលបានស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើលក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះ សូមសាធារណមតិកុំមានការយល់ច្រឡំ និងបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយនេះ!
រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បងប្អូនសាធារ ណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានគេហទំព័រពត៌ មានបណ្តាញសង្គមហ្វេសប៊ុករបស់ Koh Kong Hot News, HEY,VIDEO និង Page ផ្សេងៗទៀត ដែលបានចុះផ្សាយ តាមប្រព័ន្ធហ្វេសបុក (facebook)។
ចុះផ្សាយ ៖ ពាក់ព័ន្ធអិចស្កាវ៉ាទ័រ របស់លោក ឆាយ កិនប្រពិតដូចចេកជៀន ចំណែក លោក ឆាយ ម្ចាស់គ្រឿងចក្រនេះដើរ រំភើយ ហើយយកគ្រឿងចក្រមកកាយដីហាក់បីដូចមិនខ្វល់ខ្វាយចំពោះអាយុជីវិត បានលា ចាកលោកនេះទៅមិនដឹងថាលោក ឆាយ អាងខ្លួនមានលុយមានអំណាថ្លើមធំ យកអាយុជីវិតមនុស្សមកលេងសើច។ រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនថា៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង៥០នាទី របាយការណ៍អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ រាយការណ៍ជូនគណៈបញ្ជាការឯក ភាពស្រុក នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មាន ករណ៏អិចស្កាវ៉ាទ័រ ថយកិនមនុស្សស្លាប់ ០១នាក់ប្រុស ។
សពជនរងគ្រោះ ឈ្មោះ សាត សាខន ភេទប្រុស អាយុ៦៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោយពេលកើតហេតុកម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌល សុខភាព បានទៅពិនិត្យសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារគ្រឿងចក្រកិនស្លាប់ពិតប្រាកដមែន។
តាមការបំភ្លឺពីសាច់ញ្ញាតិរបស់ជនរងគ្រោះថា៖ ជនរងគ្រោះបានជួលគ្រឿងចក្រ មកវៃព្រៃ និងជីកស្រះទឹក នៅចំការរបស់ជនរងគ្រោះ កន្លែងកើតហេតុខាងលើ។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០ នាទីរសៀល ក្រុមការងារដឹកនាំដោយលោក ខេង សំខាន់ អភិបាលរងស្រុក បានចុះត្រួតពិនិត្យ និងធ្វើការបញ្ឈប់សម្មភាពការឈូសឆាយសម្អាតដី ជីកស្រះ ០១ កន្លែងដោយគ្មានច្បាប់អនុញ្ញាត្ត ស្ថិតក្នុងភូមិព្រលាន ឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
រដ្ឋបាលស្រុកសូមធ្វើការបំភ្លឺថា ៖ ករណីខាងលើនេះជារឿង ០២ ផ្សេងគ្នា ដូចនេះរដ្ឋបាលស្រុក សូមធ្វើការបដិសេធទាំងស្រុង ទៅលើការចុះផ្សាយរបស់គេហទំព័រពត៌ មានរបស់ Koh Kong Hot News និងគេហទំព័រពត៌មាន HEY,VIDEO ដែលបានចុះផ្សាយខាងលើនេះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សាធារណៈជន អ្នកសារ ព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថាការចុះផ្សាយផ្សេងៗខាងលើនេះ ជាការចុះផ្សាយបំភ័យពត៌មាន និង ការញុះញង់ សូមកុំឲ្យមានការយល់ច្រឡំ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះដែរថា ៖ ព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា«ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន»ជាព័ត៌មានក្លែងក្លាយ។ យោងតាមអាជ្ញាធរស្រុកបទុមសាទរ ខេត្តកោះកុង ពលរដ្ឋដែលបានស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើលក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះ សូមសាធារមតិកុំមានការយល់ច្រឡំ និងបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយនេះ!៕
ដោយ ៖ សិលា