នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួបនេះ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។លោកអនុប្រធានជាន់ខ្ពស់ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ លោកអនុប្រធានជាន់ខ្ពស់ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលតំណាងឱ្យក្រុមហ៊ុនធំៗ ប្រមាណ១៧ ដែលមានប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យាទំនើប បណ្ដាញផ្សព្វផ្សាយសង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារលក់រាយ និងកម្មន្តសាល ថាមពល ធានារ៉ាប់រង ដែលក្នុងនោះមានក្រុមហ៊ុនដូចជា Fedex Express, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Master Card, ក្រុមហ៊ុន Visa Card, ក្រុមហ៊ុន Meta (Facebook) , ក្រុមហ៊ុនADM, ក្រុមហ៊ុន Chevron និងក្រុមហ៊ុន Manulife ជាដើម ។ល។ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការវិនិយោគ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការបោះទុនវិនិយោគនៅកម្ពុជា ក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ក្នុងនោះសម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់វិស័យឯកជន ដែលមិនត្រឹមតែរួមចំណែកដល់ការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុណ្តោះទេ ប៉ុន្តែថែមទាំងដើរតួយ៉ាងសកម្ម នៅក្នុងការលើកកម្ពស់ការទូតនៃទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋ និងឯកជន។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) អំពីការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌគោលនយោបាយគាំទ្រដល់ការវិនិយោគរបស់រាជរដ្ឋាភិបាល តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងជាពិសេស ជាមួយនឹងគោលនយោបាយនៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន និងការដាក់ចេញនូវគំនិតផ្ដួចផ្ដើមនៃគំរូអាជីវកម្មថ្មីៗ ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។
សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់លើកទឹកចិត្តឱ្យ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជាផងដែរ ៕
ដោយ៖ សិលា