ខេត្តកណ្ដាល៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម ដែលបើករថយន្តម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1862 បុករះបណ្តាលឱ្យមនុស្ស២៩នាក់រងរបួសធ្ងន់ស្រាល។
ជាក់ស្ដែងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨២ បង្កឡើងដោយឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម បើករថយន្តម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1862 បុករះបណ្តាលឱ្យមានជនរងគ្រោះ២៩នាក់ (របួសធ្ងន់ ៣នាក់ និងរបួសស្រាល ២៦នាក់) ប្រព្រឹត្តនៅចំណុច ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម ពីបទល្មើសបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, បទល្មើសបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន បទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ និងមាត្រា៦៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទល្មើសប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា តាមមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ៕
ដោយ៖ តារា