ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារក្រសួងសាធារណៈការ និងដឹកជញ្ជូនចុះឃាត់រថយន្តដឹកលើសទម្ងន់នៅលើផ្លូវជាតិលេខ៧បាន ២គ្រឿងដឹកទម្ងន់ជិត៨០តោន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ក្រុមការងារជញ្ជីងចល័ត ដឹកនាំដោយលោកសេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នៅចំនុចភូមិ សាឡាង១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់បានរថយន្តចំនួន២គ្រឿង ដែលបានដឹករហូតដល់ជិត ៨០តោន ។

រថយន្តដែលឃាត់បានខាងលើគឺជាប្រភេទរថយន្តធុនធំសណ្តោងសឺមីដោយ១គ្រឿងពាក់ស្លាកលេខ កំពង់ចាម 3A- 1770 ដឹករហូតដល់ ៧៧ តោន និងរថយន្តមួយគ្រឿងទៀតពាក់ស្លាក់លេខ ត្បូងឃ្មុំ 3A -4329 ដឹករហូតដល់៧៤ តោន ។ បន្ទាប់ពីរកឃើញថារយន្តទាំង២ បានដឹកលើសទម្ងន់ដែលធ្វើប៉ះពាល់ និងខូចខាតដល់ផ្លូវជាតិ ក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូនបានសម្រេចផាកពិន័យដោយឃាត់រថយន្តទាំង២ទុក មិនឳ្យធ្វើចរាចរណ៍លើដងផ្លូវរយៈពេល១ឆ្នាំ។

បន្ទាប់ពីរកឃើញរថយន្តដឹកលើសទម្ងន់ទាំង២ ខាងលើនេះលោក សេង ឈួន បានអំពាវនាវដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវចូលរួមអនុវត្តច្បាប់ឳ្យបានគ្រប់ គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ និងថែរក្សាផ្លូវ ដែលរាជរដ្ឋាភិបាលបានចំណាយថវិការច្រើន សម្រាប់បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ។

ទន្ទឹមនឹងនេះដែរ​ បើម្ចាស់រថយន្តទាំងអស់នៅតែបំពាន ច្បាប់នោះ​អាជ្ញាធរមានសមត្ថកិច្ចមិនលើកលែងឡើយ ដោយត្រូវតែអនុវត្តតាមច្បាប់ ៕​

ដោយ៖ សូរិយា


ចែករំលែក៖