ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថាក្មេងស្រីម្នាក់នៅស្រុកកំពង់ត្របែក ត្រូវចោរប្លន់យកម៉ូតូ ជារឿងប្រឌិត, បើកម៉ូតូលឿនធ្លាក់ប្រឡាយទឹក ខ្លាចឪពុកម្តាយស្តីបន្ទោស ក៏ភូតថារឿងប្លន់តែម្តង

ចែករំលែក៖

ខេត្តព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រោយពីកម្លាំងការិយាល័យជំនាញ នៃផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ចុះស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់អស់ពេញមួយថ្ងៃ ជុំវិញមានព័ត៌មានវាយប្លន់យកម៉ូតូពីយុវតីឈ្មោះ ឡន ធីតា អាយុ១៥ឆ្នាំ ជាលទ្ធផលរកឃើញថា គឺជារឿង ប្រឌិតទាំងស្រុង មិនមែនជាការពិតឡើយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយព័ត៌មាន និងបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមថា មានករណីវាយប្លន់យកម៉ូតូពីយុវតីម្នាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧ នៅភូមិព្រៃផ្ដៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ 

ក្រោយទទួលបានព័ត៌មានថា មានក្រុមជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ បានវាយប្លន់យកម៉ូតូពីជនរងគ្រោះមានឈ្មោះ ឡន ធីតា រស់នៅភូមិឃុំកើត ហេតុខាងលើ កម្លាំងនគរបាលជំនាញក្រោមការបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានចុះបើកការស៊ើបអង្កេតស្រាវជ្រាវដល់កន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់បំផុតអស់ពេញមួយថ្ងៃ។

ក្រោយចុះស្រាវជ្រាវនៅកន្លែងកើតហេតុ នគរបាលជំនាញបានរកឃើញតម្រុយឈានដល់ការសន្និដ្ឋានថា មិនមែនជាករណីប្លន់នោះឡើយ។ បន្ទាប់មកទៀត កម្លាំងនគរបាលក៏បានអញ្ជើញក្មេងស្រីរងគ្រោះ មកធ្វើការសួរនាំ និងបំភ្លឺ នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក។ 

ដោយមានការសង្ស័យថាជាការប្រឌិត នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានសួរនាំក្មេងស្រីឈ្មោះ ឡន ធីតា អស់ជាច្រើនលើក ទើបក្មេង ស្រីខាងលើ ឆ្លើយសារភាពថា ករណីនេះមិនមែនជាការ ពិតឡើយ គឺខ្លួនជាអ្នកប្រឌិតរឿងនេះឡើងទាំងស្រុង។

ក្មេងស្រីរូបនេះសារភាពថា ខ្លួនជិះម៉ូតូលឿនខ្វះការប្រុង ប្រយ័ត្ន ទើបបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ប្រឡាយទឹក ហើយខ្លួនក៏សន្លប់បាត់បង់ស្មារតី។ ក្រោយពេលដឹងខ្លួនវិញ ខ្លួនរកម៉ូតូមិនឃើញ ហើយខ្លាចអ្នកផ្ទះស្ដីបន្ទោស ក៏ប្រឌិតថាជាករណីវាយប្លន់យកម៉ូតូតែម្ដង។

ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប្រឌិតរឿងក្លែងខុសពីការពិត ហើយមកប្ដឹងដល់សមត្ថកិច្ច បើបងប្អូនមានជួបប្រទះបញ្ហាអ្វី ឬករណីការណា មួយកើតឡើង សូមហ៊ាននិយាយ និងផ្ដល់ព័ត៌មានពិតមកកាន់នគរបាល នោះនគរបាលខេត្តព្រៃវែង នឹងជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូន ដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់បំផុត ព្រោះបើមាន ការបង្ហោះ ផ្សព្វផ្សាយតាមបណ្ដាញសង្គម និងមានការចុះផ្សាយតាមរយៈសារព័ត៌មានអំពីព័ត៌មានមិនពិត អាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស មុខមាត់អង្គភាពនគរបាលខេត្តព្រៃវែង និងនាំទុក្ខដាក់ខ្លួន ព្រោះអាចកើតមានជាបទល្មើស ដោយសាររូបខ្លួនក្លែងប្រឌិតរឿងហើយមកប្ដឹងសមត្ថកិច្ចខុសពីការពិត៕

ដោយ៖ សូរិយា


ចែករំលែក៖