កាលពីថ្ងៃទី 28 ខែកុម្ភៈ ក្រុមហាម៉ាស់បានអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនដើរដង្ហែទៅកាន់វិហារអ៊ិស្លាម Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹម ដើម្បីបួងសួងនៅដើមខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានក្នុងរយៈពេលពីរសប្តាហ៍។
មេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh បានប្រកាសថា “នេះគឺជាការអំពាវនាវឱ្យប្រជាជនរបស់យើងនៅទីក្រុងហ្សេរុយសាឡឹមនិងតំបន់ West Bank ដើរក្បួនទៅកាន់ Al-Aqsa ចាប់ពីថ្ងៃដំបូងនៃបុណ្យរ៉ាម៉ាដាន”។
អ្នកនាំពាក្យរដ្ឋាភិបាលអុីស្រាអែល លោកស្រី Tal Heinrich បាននិយាយថា ការអំពាវនាវរបស់មេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh គឺ “មិនសមរម្យ” ។ លោកស្រី Tal Heinrich បានចោទប្រកាន់មេដឹកនាំក្រុមហាម៉ាស់ថា បានព្យាយាមទាញយើងទៅក្នុងរណសិរ្សផ្សេងទៀត។ អ្នកនាំពាក្យរដ្ឋាភិបាលអុីស្រាអែលបានសង្កត់ធ្ងន់ថា “យើងពិតជាមិនចង់បាននោះទេ។
Al-Aqsa នៅក្នុងទីក្រុងចាស់នៃទីក្រុង Jerusalem ដែលជាកន្លែងដ៏ពិសិដ្ឋបំផុតមួយរបស់ពិភពលោកសម្រាប់ប្រជាជនមូស្លីម បានក្លាយជាកន្លែងក្តៅគគុកសម្រាប់អំពើហិង្សាជាយូរមកហើយ ជាពិសេសក្នុងអំឡុងពេលបុណ្យសាសនា។
ភាគីអុីស្រាអែលបានរឹតបន្តឹងការចូលទៅកាន់វិហារអ៊ិស្លាម Al-Aqsa សម្រាប់ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ។ ប្រទេសនេះក៏បានដាក់កំហិតយ៉ាងខ្លាំងលើការធ្វើដំណើរក្នុងតំបន់ West Bank ចាប់តាំងពីមានជម្លោះនៅតំបន់ Gaza មក៕ ដោយ៖ ធីរីណា
រូបថត៖ Reuters