ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខេត្ត បន្តសហការបង្រ្កាបករណីនេសាទ ដោយខុសច្បាប់នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយបានចុះរុះរើកាប់កម្ទេចចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន។
ក្នុងប្រតិបត្តិការនោះ លោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និង លោកវរ សេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យជំនាញមួយនេះ កាលពីថ្ងៃទី២៨ ខែកុម្ភ:ម្សិលមិញនេះ បានដឹកនាំកម្លាំងក្នុងការិយាល័យដែលកំពុងឈរជើងនៅគោលដៅទន្លេសាប ចូលរួមសហការជាមួយកម្លាំងជំនាញបរិស្ថានកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុកបានចុះរុះរើកាប់កម្ទេច ចោលឧបករណ៍នេសាទខុសច្បាប់ បាន ចំនួន២ចំណុច រួមមាន៖
១-ចំណុចកោះដាច់ទន្លេខាងកើត
២-ចំណុចក្រឡុកអាសារ៉ាយកញ្ចូមខាងកើត។
ជាលទ្ធផល ក្រុមការងារសម្រេចកម្ទេចចោលនូវសំភារៈមួយចំនួនដូចខាងក្រោម៖
-សាច់ម៉ង ប្រវែង៧០០ម៉ែត្រ
-បង្គោលឈេី ចំនួន ២៥០ដើម
-ឡុកចាប់ត្រី ចំនួន៥គ្រឿង
-លែងកូនត្រីចម្រុះ ចំនួន២០គីឡូក្រាម។
គួរបញ្ជាក់ថា ចំពោះចំណុចកប់ចេសក្រុមការងារ បានចុះត្រួតពិនិត្យពុំមានបទល្មើសបណរ៉ាវទៀតទេ រីឯអ្នកប្រព្រឹត្តិល្មើស សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណហើយ៕
ដោយ៖ តារា