ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូ ម៉ុល ៖ ទីតាំងល្បែងផ្សងសំណាង ដែលមិនមានច្បាប់ ៦៧ទីតាំងក្នុងភូមិសាស្ត្រស្រុករមាសហែក ត្រូវបានធ្វើកិច្ចសន្យាបញ្ឃប់ទាំងអស់ក្នុងថ្ងៃនេះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុក និងជាអភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា ទីតាំងល្បែងផ្សងសំណាង ដែលមិនមានច្បាប់ អនុញ្ញាតចំនួន ៦៧ទីតាំងក្នុងភូមិសាស្ត្រស្រុករមាសហែក ត្រូវបានធ្វើកិច្ចសន្យាបញ្ឃប់ទាំងអស់ ក្នុងថ្ងៃនេះ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការគ្រប់គ្រងទីតាំងល្បែងផ្សងសំណាងក្នុងភូមិសាស្ត្រស្រុករមាសហែក នាព្រឹកថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកនាយករដ្ឋបាលនាយករង លោកលោកស្រីមេឃុំមេប៉ុស្តិ៍រដ្ឋបាលឃុំទាំង១៦ និងម្ចាស់ទីតាំងល្បែងផ្សងសំណាង ដែលបានចូលរួមជាច្រើននាក់ នៅសាលប្រជុំសាលាស្រុករមាសហែក ។

យោងតាម លិខិតរបស់រដ្ឋបាលខេត្តស្វាយរៀង ជម្រាបដល់លោកអភិបាលក្រុង ស្រុកទាំង៨ ស្តីពីការពង្រឹងការគ្រប់គ្រងទីតាំងល្បែងផ្សងសំណាងក្នុងភូមិសាស្ត្រខេត្ត។

យោង៖ -សេចក្ដីណែនាំលេខ ០០១ គ.ល.ក សណន ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ។

តាមការចាំបាច់របស់រដ្ឋបាលខេត្ត ។

តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាប លោកអភិបាលក្រុង ស្រុក ជ្រាបថា កន្លងមក រដ្ឋបាលខេត្ត បានពិនិត្យឃើញថានៅតាមបណ្តាមូលដ្ឋាន មានប្រតិបត្តិករល្បែងផ្សងសំណាងមួយចំនួន បាន ដំណើរការអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ឬ/និងអាជ្ញាបណ្ណសាខា ឬ/និងលិខិតអនុញ្ញាតឲ្យបើកប៉ុស្តិ៍សេវា ពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ហើយមានប្រតិបត្តិករល្បែងផ្សងសំណាងមួយចំនួនទៀតបានអនុវត្តខុសពីកម្មវត្ថុ នៃអាជ្ញាបណ្ណល្បែងផ្សងសំណាង ។ ក្នុងន័យនេះ ដើម្បីពង្រឹងការគ្រប់គ្រងទីតាំងល្បែងផ្សងសំណាងនៅក្នុងភូមិសាស្ត្រខេត្ត ឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ សេចក្តីណែនាំ និងលិខិតបទដ្ឋាននានា សូមលោកអភិបាលក្រុង ស្រុក ចាត់ចែង ការងារមួយចំនួន ដូចខាងក្រោម៖

-ចុះស្រង់ទិន្នន័យទីតាំងល្បែងផ្សងសំណាងទាំងអស់ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុង ករណីពិនិត្យឃើញថាបានប្រតិបត្តិការដោយគ្មានអាជ្ញាបណ្ណ ឬ/និងអាជ្ញាបណ្ណសាខា ឬ/និងលិខិតអនុញ្ញាតឲ្យ បើកប៉ុស្តិ៍សេវាពី គ.ល.ក ត្រូវណែនាំឲ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពអាជីវកម្មល្បែងផ្សងសំណាង ដោយមាន

រៀបចំធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ ព្រមទាំងត្រូវធ្វើបច្ចុប្បន្នភាព និងរាយការណ៏ជាប្រចាំមករដ្ឋបាលខេត្ត។ -ចំពោះទីតាំងដែលមានអាជ្ញាបណ្ណ ឬ/និងអាជ្ញាបណ្ណសាខា ឬ/និងលិខិតអនុញ្ញាតឲ្យបើកប៉ុស្តិ៍ សេវាពី គ.ល.ក ត្រូវបន្តសហការគ្រប់គ្រង និងពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ ប្រសិនបើពិនិត្យឃើញថា មានលួចលាក់បង្កប់ការលេងល្បែងស៊ីសងខុសច្បាប់ ត្រូវធ្វើរបាយការណ៍មករដ្ឋបាលខេត្តជាបន្ទាន់ ដើម្បី រដ្ឋបាលខេត្តមានមូលដ្ឋានរាយការណ៍ជូន គ.ល.ក ចាត់ចែងអនុវត្តវិធានការចាំបាច់នានាតាមគោលការណ៍ នីតិវិធី និងបទប្បញ្ញត្តិជាធរមាន ។ ទន្ទឹមនេះ រដ្ឋបាលក្រុង ស្រុក ក៏ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាព លួចលាក់បង្កប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅមូលដ្ឋាន លើកកម្ពស់ការផ្សព្វផ្សាយអប់រំពី ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ជាពិសេសការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាពឲ្យបានល្អប្រសើរ ៕

ដោយ៖ សុថាន


ចែករំលែក៖