ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ប្រាប់កងកម្លាំងសណ្ដាប់ធ្នាប់ថា ត្រូវអនុវត្តឱ្យបាន ( ៣ កុំ )

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្ដងទៀត លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវពាក្យថា ( ៣ កុំ )  ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់  តែមិនទន់ជ្រាយត្រូវតែម៉ឺងម៉ាត់ 

     ការដាស់តឿនក្រើន រំលឹកនេះបានថ្លែងនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងឧបត្ថម្ភអង្កររួមទាំងថវិកា ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខណ្ឌច្បារអំពៅ ។  

     ថ្លែងទៅកាន់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ  លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យពាក្យ ( ៣ កុំ ) ដូច្នេះថា  ទី១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ទី២-កុំពាក់ព័ន្ធឬសេពគ្រឿងញៀន , ទី៣-ឈ្លោះទាស់ទែងគ្នា  ត្រូវរក្សាបានអោយសាមគ្គីភាពផ្ទៃក្នុង ។  សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង  លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ    មួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ និយាយ រួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ  មានវិន័យល្អ  និងអនុវត្តតាមការណែនាំរបស់អង្គភាព    ចំនុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាអោយបាន នូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈតែងតែមានការប៉ះទង្គិចជាមួយមហាជន..! ។

    ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់  កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ  ចុះរៀបចំសណ្តាប់ធ្នាប់  សម្រួលចរាចរ  ចុះពង្រឹងច្បាប់ចរាចរ  ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ  និងចុះល្បាតតាមមូលដ្ឋាន    ជាពិសេសត្រូវចេះជួយគ្នា ចេះរាប់អានស្រលាញ់គ្នា  ចេះអធ្យាស្រ័យអោយគ្នា  ចេះជួយយកអាសារគ្នា និងចេះសន្តោសប្រណីអោយគ្នាទៅវិញទៅមក ៕

ដោយ៖ សណ្តោស


ចែករំលែក៖