ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ​ នារសៀលថ្ងៃទី២៩​ កុម្ភៈ​នេះ!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែ​កុម្ភៈ ឆ្នាំ២០២៤នេះ នឹងអញ្ជើញជា​អធិប​តី​បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ ពិធីបិទសន្និបាតរបស់ក្រសួងមហាផ្ទៃនេះដែរ គឺមិនត្រូវបានអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់នោះ​ឡើយ។

សូមជម្រាបថា​ ក្រសួងមហាផ្ទៃ មានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់លើវិស័យនយោបាយរដ្ឋបាល គ្រប់​គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម​។

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ បានបើកសន្និបាតបូកសរុបការងារ​ឆ្នាំ​២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤។ ពិធីបើកបានធ្វើឡើងក្រោមអធិបតី​ភាព​លោក​អភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាតដែលធ្វើឡើងរយៈពេល១ថ្ងៃ កន្លះ បានអនុញ្ញាតឱ្យស្ថាប័នជំនាញរបស់ក្រសួងលើកបង្ហាញសមិទ្ធផលការងារដែលសម្រេចបាន និង​លើកបញ្ហាប្រឈមដើម្បីកែលំអ និងរកដំណោះស្រាយ ដើម្បីជាការអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាព​ក្នុង​ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានវាយតម្លៃថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្ត​កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រសួង​មហា​ផ្ទៃ ដោយមានការចូលរួមសហការ និងការគាំទ្រពីក្រសួង សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងនៅថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ បានជម្នះរាល់ឧបសគ្គ សម្រេចបាន​សមិទ្ធ​ផលជាច្រើនទាំងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងការគ្រប់គ្រង សន្តិសុខជាតិ សណ្តាប់​ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គម បម្រើដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។

ក្រសួងមហាផ្ទៃបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯក​រាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ បញ្ចៀសបានសកម្មភាពភេរវកម្មទាំង​ឡាយ ទប់ស្កាត់ បានឧបាយកល សកម្មភាពប៉ុនប៉ងបំបែកបំបាក់សាមគ្គីជាតិ និងការប៉ុនប៉ងផ្តួលរំលំរាជ​រដ្ឋាភិបាល​ស្របច្បាប់ ធានាយ៉ាងល្អប្រសើរនូវព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ និងសុវត្ថិភាពឥស្សរជន​ដឹក​នាំប្រទេស ព្រមទាំងសម្រប សម្រួលរៀបចំព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិសំខាន់ៗ ឱ្យ​ប្រព្រឹត្តិ​ទៅដោយរលូន និងជោគជ័យ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ដែរថា នៅឆ្នាំ២០២៣ គោលនយោបាយ «ភូមិ-ឃុំ-​សង្កាត់ មានសុវត្ថិភាព» ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាព ក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្តល់អន្តរាគមន៍ពន្លត់អគ្គិភ័យ ត្រូវបានយកចិត្តទុកដាក់អនុវត្តជា ប្រចាំ ដែលធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត រក្សាបាន​នូវប្រក្រតី​ភាព​សង្គមគ្រប់វិស័យ។ ទោះបីស្ថានភាពបទល្មើសមានការកើនឡើង ប៉ុន្តែការបង្ក្រាបមានរហូតដល់ ៩០ភាគរយ នៃបទល្មើស ដែលបានកើតឡើង។ ការងារអត្តសញ្ញាណកម្ម ត្រូវបានពង្រឹងទាំងក្នុងក្រប​ខ័ណ្ឌ​នៃការរៀបចំច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានអត្តសញ្ញណ ខាងផ្លូវច្បាប់ពេញលេញ ព្រមទាំងទទួលបាននូវ​ការគោរព​សិទ្ធិ និងសេវាជាមូលដ្ឋានចាំបាច់នានាស្របតាមច្បាប់។

ការងារអន្តោប្រវេសន៍ ក៏ត្រូវបានជំរុញអនុវត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងការគ្រប់គ្រងដំណើរចេញ​ចូលប្រទេស និងការស្នាក់នៅរបស់ជនបរទេស រួមចំណែកធានាបានយ៉ាងគត់មត់នូវអធិបតេយ្យជាតិ ទប់​ស្កាត់ការលួចលាក់ជ្រកកោនធ្វើសកម្មភាពរបស់អង្គការភេរវកម្មនានា និងទប់ស្កាត់ការជ្រៀតចូល​-ស្នាក់​នៅ​ខុស​ច្បាប់​របស់ ជនបរទេសអន្តោប្រវេសន្ត ដែលកិច្ចការទាំងនេះ បានឆ្លើយតបជាវិជ្ជមានចំពោះ​គោលនយោ​បាយ​ទេសចរណ៍ជាតិ ការវិនិយោគ ពាណិជ្ជកម្ម វិស័យការងារ និងវិស័យផ្សេងៗទៀត។

ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏មានវឌ្ឍនភាពយ៉ាងល្អប្រ​សើរ ជាពិសេសពាក់ព័ន្ធការរៀបចំកែលម្អរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់​រដ្ឋ​បាល​ថ្នាក់ក្រោមជាតិ ការផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវកាន់តែច្រើនឡើង​ជាបន្ត​បន្ទាប់ ធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមកម្រិតថ្នាក់នីមួយៗ កាន់តែមានសមត្ថភាព លទ្ធភាព និងការ​ទទួល​ខុសត្រូវច្បាស់លាស់ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងការ​ផ្តល់​​សេវាសា​ធារណៈឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមរបស់​ប្រជាពលរដ្ឋ​ក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួនដោយភាពម្ចាស់ការចំគោលដៅ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ បរិយាប័ន្ន និងសមធម៌សង្គម។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃក៏បានខិតខំប្រឹងប្រែង​អនុ​វត្ត​សម្រេច​បានសមិទ្ធផលជាច្រើនទៀតផងដែរ ដូចជាការរៀបចំក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និង​លិខិត​​បទដ្ឋានគតិយុត្ត ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រង ពន្ធនាគារ ការធ្វើអធិការកិច្ច និងសវន​កម្ម​​ផ្ទៃក្នុងការចូលរួមអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍ បច្ចេកវិទ្យាឌីជីថល ការពង្រឹង​កិច្ច​សហប្រតិបត្តិការអន្តរជាតិ ការអភិវឌ្ឍវិស័យកីឡា និងការបង្កើតយន្តការទទួល ដោះស្រាយបណ្ដឹង​តវ៉ា ព្រមទាំងមតិយោបបល់ សំណើ សំណូមពររបស់ប្រជាពលរដ្ឋជាដើម។

បើទោះបីជាសម្រេចបានសមិទ្ធផលល្អប្រសើរជាច្រើនយ៉ាងណាក្តី បើតាមលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣ នៅមានបញ្ហាប្រឈមជាគន្លឹះមួយចំនួន តម្រូវឱ្យបន្តរួមគ្នាគិតគូ ដោះ​ស្រាយដោយស្មារតីប្រុងប្រយ័ត្ន។ ជាក់ស្ដែងសភាពការណ៍នយោបាយ សន្តិសុខ សង្គ្រាម និងជម្លោះ​រវាងបណ្តាប្រទេសនានាក្នុងតំបន់ និងនៅលើសកលលោក បាននិងកំពុងបន្តវិវត្តប្រែប្រួលរាលដាល​កាន់​តស្មុគស្មាញ និងពិបាកប៉ាន់ស្មាន គួបផ្សំនឹងការព្យាយាមប៉ុនប៉ងបង្កចលាចលវឹកវរក្នុងសង្គម​របស់ក្រុម​និន្នា​ការ​ប្រឆាំង​ជ្រុលនិយម អាចនឹងបន្តជះឥទ្ធិពលមិនល្អមកលើសន្តិសុខជាតិ សុវត្ថិភាពសង្គម និងការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ការបន្តកើនឡើននូវគ្រោះថ្នាក់ចរាចរណ៍ ការចរាចរ ជួញដូរ ចែក​ចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ អំពើ លួច ឆក់ ប្លន់ បទល្មើសឆបោកតាមអនឡាញ បទល្មើស​បច្ចេកវិទ្យា អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងសកម្មភាព ក្មេងទំនើង ក៏ជាក្តីបារម្ភ និងធ្វើឱ្យប៉ះពាល់ដល់​ជីវ​ភាព​រស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងវិស័យទេសចរណ៍ និង វិនិយោគនៅកម្ពុជាផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖