ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅសាធារណរដ្ឋបារាំង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តបតាមការអញ្ជើញរបស់ លោកស្រី Yael Braun-Pivet ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ បារាំង ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្ត្រីលើកដំបូង ដែលរដ្ឋសភានៃសាធារណរដ្ឋបារាំងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភាជាស្ត្រីនៅទូទាំងពិភពលោកចំនួន២៥រូប ក្នុងគោលបំណង ដើម្បីជំរុញបន្ថែមនូវការទូតសភាបុរេសកម្ម ដែលគិតគូពីបញ្ហាស្ត្រីនិងក្មេងស្រី និងលើកកម្ពស់សិទ្ធិស្ត្រីនៅទូទាំងពិភពលោក ក្នុង អាជីពនយោបាបេរបស់សមាជិកសភា និងប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី សំខាន់ជាងនេះទៅទៀត សភាដើរតួនាទីនាំមុខ ក្នុងការជំរុញឱ្យមានសមភាពរវាងស្ត្រី និងបុរស តាមរយៈការស្នើ និងការអនុម័តច្បាប់។

សូមជម្រាបថា កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលចំនួនពីររួមមាន៖ (១) ការអប់រំប្រកបដោយសមភាព ការប្រយុទ្ធប្រឆាំង នឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី (២)សមភាពរវាងស្ត្រីនិងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគម្រូរបស់ស្ត្រី។ គណៈប្រតិភូកម្ពុជាគ្រោងនឹងអញ្ជើញចូលជួបសវនការជាមួយប្រធានរដ្ឋសភាបារាំង ចូលរួមពិធីសម្ពោធការតាំងពិព័រណ៍ ដែលឧទ្ទិសដល់សិទ្ធិនយោបាយរបស់ស្ត្រីនៅលើពិភពលោក ជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ី អាល្លឺម៉ង់ និងប៊ែលហ្សីក ព្រមទាំងជំនួបជាមួយអគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) ផងដែរ។ ក្រៅពីនេះ ក៏នឹងមានជំនួបរវាងគណៈប្រតិភូ កម្ពុជាជាមួយក្រុមមិត្តភាពសភាកម្ពុជា-បារាំង ជំនួបជាមួយគណៈកម្មការសង្គមកិច្ចនៃរដ្ឋសភាបារាំង និងជំនួបរវាងអគ្គលេខាធិការ នៃរដ្ឋសភាបារាំងនិងកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចជាផ្លូវការនិងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្ត្រីនៅសាធារណរដ្ឋបារាំង នាឱកាសនេះ មិន ត្រឹមតែអាចរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង ពីរកម្ពុជា-បារាំងឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានៅលើ សកលលោកផងដែរ ជាអាទិ៍ ការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្នជូនប្រជាពលរដ្ឋ៕

ដោយ ៖ សិលា


ចែករំលែក៖