ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ អាចនឹងបើកការដ្ឋាននៅក្នុងខែមិថុនា ឬកក្កដា ឆ្នាំ២០២៤នេះ!

ចែករំលែក៖

ភ្នំពេញ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ដែលត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» និងជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងនឹងបើកការរដ្ឋានក្នុងកំឡុង ខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ!។​ នេះបេីយោង​តាមការបញ្ជាក់ពី​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងកាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ នាឱកាសណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ការរៀបចំធ្វើយ៉ាងណាចរចារឱ្យបាននូវកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុនឯកជនចិន CRBC ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ ដែលនេះជាគម្រោងអតិភាពខ្ពស់ដែលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រុញឱ្យយើងខិតខំប្រឹងប្រែងធ្វើការងារនេះឱ្យមានប្រសិទ្ធភាព ហើយសម្តេចធិបតី ក៏បានលើកឡើងថា ចង់ធ្វើឱ្យគម្រោងនេះជាគម្រោងតភ្ជាប់ផ្លូវទឹក និងសមុទ្រឱ្យបានដែលផ្លូវនេះជាផ្លូវដ៏សំខាន់មួយ។

ពាក់ព័ន្ធនឹងគម្រោង «ព្រែកជីកហ្វូណនតេជោ» លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «យើងសង្ឃឹមថា យើងអាចពិភាក្សា ចរចារលើកិច្ចព្រមព្រៀងសម្បទាននេះ ប្រហែលជាខែមិថុនា ឬខែកក្កដា ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ»។

សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ និងបន្តមកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង, សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង៕

ដោយ​៖ តារា​


ចែករំលែក៖