ប្រទេសអូស្ត្រាលី ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កត្តាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា បានបង្ហាញកាន់តែច្បាស់តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ពោលគឺក្រោយពេលបោះឆ្នោត ប្រជាពលរដ្ឋ បាននាំគ្នាចេញទៅដើរលេងកម្សាន្តនៅតាមរមនីយដ្ឋាននានានៅទូទាំងប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោយការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរយើង បានចេញទៅដើរលេងកំសាន្តដោយគ្មានការភ័យខ្លាច ដែលប្រការនេះ បានឆ្លុះបញ្ចាំងពីការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ៖ បន្ទាប់ពីគ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ជាង៦.៣លានសំឡេង និងគ្រប់គ្រងអាសនៈ១២០ នៅក្នុងរដ្ឋសភា បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសជាឱឡារិក ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧នេះ។
តាមសេចក្តីថ្លែងការណ៍ របស់ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅយ៉ាងទៀងទាត់ និងត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាស សេរី មានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ និងគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ។ ប្រជាពលរដ្ឋ កម្ពុជាចំនួន ៨៤.៥៩% នៃចំនួនក្នុងបញ្ជីបោះឆ្នោតសរុបបានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិ និងករណីយកិច្ចរបស់ ខ្លួនក្នុងភាពជាម្ចាស់ពិតប្រាកដនៃជោគវាសនារបស់មាតុភូមិ ដោយបានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យ បោះឆ្នោតនានានៅទូទាំងប្រទេសប្រកបដោយភាពថ្លៃថ្នូរ សាមគ្គីភាព និងសប្បាយរីករាយ ដើម្បីជ្រើសរើសអ្នក ដឹកនាំប្រទេសបន្តទៀតស្របតាមឆន្ទៈរបស់ខ្លួន។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា៖ គ្រប់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក៏ដូចបេក្ខជននៃគណបក្សនីមួយៗសុទ្ធតែមានឱកាសពេញលេញ និងស្មើភាពក្នុងការធ្វើសកម្មភាព ផ្សព្វផ្សាយនូវកម្មវិធីនយោបាយរបស់ខ្លួន ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដោយអនុវត្តយ៉ាង ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែល ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីជំហានទៅមុខដ៏រឹងមាំគ្មានអ្វីអាចមកបន្ទុចបង្អាក់បាននៃដំណើរការប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជាក្រោមម្លប់នៃសន្តិភាព។ ផ្អែកលើមូលដ្ឋាននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈ និងផលប្រយោជន៍ជាសារវន្តរបស់ប្រជាជនកម្ពុជាទាំងមូល។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ ហើយដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន ៨២.៣០% នៃសន្លឹកឆ្នោតបានការសរុប»៕
ដោយ ៖ សិលា