ភ្នំពេញ ៖ សារលិខិត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣
លោកជំទាវថ្នាក់ដឹកនាំ លោកស្រី អ្នកនាងកញ្ញា បងប្អូន មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រី ពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ទាំងអស់ជាទី ស្រឡាញ់រាប់អាន!
ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយ សូមផ្ញើ សារលិខិតជូនដល់ លោកជំទាវថ្នាក់ដឹកនាំ លោកស្រី អ្នកនាងកញ្ញា បងប្អូន មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ក្នុងឱកាស ដ៏មហោឡារិក នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដែលបង្ហាញយ៉ាងច្បាស់នូវភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជា តំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល ស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
ជាការពិតណាស់នារីមានតួនាទីដ៏សំខាន់ និងជាដៃគូរដែលមិនអាចខ្វះបាន ព្រោះនារីគឺជាអ្នកបង្កើត នូវអ្នកបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដូចដែលយើងបានទទួលស្គាល់ថា «នារីជាមាតាពិភពលោក»។
ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមទទួលស្គាល់ថា ស្ត្រីពិតជាមានគុណតម្លៃ និងសក្តានុពល ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់នារី ដែលបានដើរតួនាទីយ៉ាងសកម្មចូលរួមក្នុងការងារ ដឹកនាំ ការគ្រប់គ្រង និងការអនុវត្តភារកិច្ចយ៉ាងសកម្មនៅក្នុងស្ថាប័ន ដោយការពុះពារអនុវត្តការងារ លះបង់ អស់កម្លាំងកាយ កម្លាំងចិត្ត តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ហើយសម្រេចបាននូវស្នាដៃជាច្រើនក្នុង បេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា។
ក្នុងនាម ខ្ញុំជាកូនប្រុសម្នាក់ ជាស្វាមី និងជាឪពុក ខ្ញុំសូមស្ងើចសរសើរ និងថ្លែងអំណរគុណនូវតួនាទី ដ៏សំខាន់មួយទៀតរបស់មន្ត្រីរាជការជានារីរបស់យើង នារីជាភរិយានៃថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាបុរស របស់យើង ដែលបានដើរតួនាទីក្នុងភាពម្តាយ ជាភរិយា ជាអ្នកដឹកនាំ អប់រំ និងថែទាំគ្រួសារ ដើម្បីបង្កឱកាស ជាវិជ្ជមានជូនដល់ស្វាមីក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ដើម្បីគ្រួសារមួយពោរពេញទៅដោយក្តីស្រឡាញ់ បរិយាកាសរីករាយកក់ក្តៅ សុភមង្គល និងភាពរីកចម្រើនរុងរឿងនៃគ្រួសារ។
ក្នុងឱកាសដ៏ថ្លៃថ្លាប្រកបដោយអត្ថន័យជ្រាលជ្រៅ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ នេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ វិបុលសុខ គ្រប់ប្រការ ជូនចំពោះលោកជំទាវ ថ្នាក់ដឹកនាំ លោកស្រី អ្នកនាងកញ្ញា បងប្អូន មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រី រាជការជានារីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ សូមបានជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា