ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពីការងារពិសោធន៍បង្ហាញតាមវិធីសាស្រ្តកសិអេកូឡូសុី និងតាមវិធីសាស្រ្តប្រេីប្រាស់ជីគីមីលេីដំណាំស្រូវនៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានទទួលស្តាប់នូវបទបង្ហាញរួចមកលោករដ្ឋមន្ត្រីបានណែនាំដល់ក្រុមការងារពិសោធន៍ត្រូវគិតគូរពីវិធីសាស្ត្រដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ច និងទទួលបានផលចំនេញពិតប្រាកដ។ លើសពីនេះទៅទៀតលោករដ្ឋមន្ដ្រីបានជំរុញឱ្យក្រុមការងារ ត្រូវប្រឹងប្រែងបន្ថែមទៀត ដោយតាមដានពីការចំនាយទាំងអស់ក្នុងដំណើរការពិសោធន៍ និងតាមដានការងារពិសោធន៍ពីមួយឆ្នាំ ទៅមួយឆ្នាំ ឱ្យមានលទ្ធផលល្អ និងមានប្រសិទ្ធិភាព។
សូមជម្រាបជូនថា ការងារពិសោធន៍នេះ ធ្វើឡើងក្នុងគោលបំណងប្រៀបធៀបរយៈពេលខ្លី អំពីប្រសិទ្ធិភាពលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន និងសង្គមនៃការអនុវត្តផលិតកម្មកសិកម្មតាមវិធីសាស្ត្រកសិអេកូឡូសុី (Agroecology) ការប្រើប្រាស់ជីគីមី (Conventional Tillage) និងការប្រើប្រាស់ជីស្រស់ (Green Manure) ដោយផ្តោតលើពូជស្រូវ ២ ប្រភេទគឺ ពូជស្រូវចំបុីស៧០ និងពូជស្រូវផ្ការំដួល៕
ដោយ៖ សូរិយា