ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រី ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់បាត់បង់ជីវិត នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឱ្យដឹងនៅថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ មានករណីឆក់ចរន្តអគ្គិសនី (ឆក់ត្រី) បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ កាលពីរសៀលម្សិលមិញនេះ​​ ស្ថិតនៅចំណុចប្រឡាយទឹក ក្នុងក្រុមទី៦ ភូមិអូរតាណុប សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឱ្យដឹងទៀតថា​ ក្រោយទទួលបានព័ត៍មានលោក​បានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងកំណត់ ករណីឆក់ចរន្តអគ្គីសនីបណ្ដាលឲ្យ ជនរងគ្រោះឈ្មោះ បឿន ស៊ុយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្រុមទី៤ ភូមិអូតានុប ឃុំក្តុលដូនទាវ ក្រុងខេត្តបាត់ដំបង ។ តាមការបំភ្លឺរបស់ ឈ្មោះ អៀង ស៊ូ ភេទស្រី អាយុ៧១ឆ្នាំ រស់នៅក្រុម៤ ភូមិអូតានុប សង្កាត់ក្តុលដូនទាវ ក្រុងខេត្តបាត់ដំបង ដែលត្រូវជាម្ដាយសពថាកូនរបស់គាត់បានចេញពីផ្ទះបាត់ទៅមិនដឹងទៅទីណា ។ តាមការបំភ្លឺពីឈ្មោះ សេង ស៊ីនឿន ភេទស្រី អាយុ៤២ឆ្នាំ បានឲ្យដឹងថានៅម៉ោងទៀបភ្លឺគាត់លឺឆ្កែព្រូសតែមិនបានចាប់អារម្មណ៍ ។ លុះនៅម៉ោង១២​ និង០០នាទី ក៏បានដឹងពីក្មេងៗ ចុះរាវខ្យងស្រែកប្រាប់ថាមានមនុស្សស្លាប់ក្នុងទឹករួចហើយគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថាសពឈ្មោះ បឿន ស៊ុយ ភេទប្រុស អាយុ២៨ឆ្នាំ នេះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនី ពិតប្រាកដមែន ។​ សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុពិនិត្យឃើញមានឧបករណ៍ឆក់ត្រីនៅខាងក្រោយខ្នង អាចបណ្ដាលឲ្យឆក់ចរន្តអគ្គិសនី ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ អរុណរះ


ចែករំលែក៖