ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការរយៈពេល២ថ្ងៃ ចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ចំនួន២ទីតាំងក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនមនុស្សចម្រុះជាតិសាសន៍ប្រមាណជិត ៥០០នាក់ ភាគច្រើនជាជនជាតិបរទេស។ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ។ ក្នុងប្រតិបត្តិការនេះដែរ គឺចាប់ផ្តើមរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១០ ខែមីនា។
ប្រតិបត្តិការទី១បានធ្វេីឡេីងកាលពីថ្ងៃទី៩ ខែមីនា នៅចំណុចអតីតកាសុីណូ Paradise Island នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រកឃើញជនបរទេស ១៧២ នាក់ (ស្រី៤៣នាក់), មាន ៤សញ្ជាតិ (វៀតណាម ១០៩នាក់ (ស្រី១៧នាក់), ថៃ៥៤នាក់ (ស្រី២៤នាក់), ចិនតៃវ៉ាន់៨នាក់(ស្រី២នាក់) និង ចិន១នាក់។ ក្រៅពីនេះអ្នកគ្រប់គ្រងចំនួន ៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ ជនជាតិចិនតៃវ៉ាន់ ៤រូប (ស្រី២នាក់) និង ចិន១នាក់ កំពុងបន្តនីតិវិធីកសាងសុំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមច្បាប់ជាធរមាន។ ចំពោះជនបរទេសចំនួន១៦៧នាក់ (ស្រី៤១នាក់) មាន៣សញ្ជាតិ (វៀតណាម១០៩នាក់ ថៃ ៥៤នាក់ ចិនតៃវ៉ាន់ ៤នាក់) បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រៀមបណ្តេញចេញ។
នៅថ្ងៃទី១០ ខែមីនា ប្រតិបត្តិការបង្រ្កាបទីតាំងទី២ រកឃើញជនជាតិខ្មែរចំនួន ២៧៩នាក់ (ស្រី២២៧នាក់) និង រកឃើញជនបរទេសចំនួន២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់, មីយ៉ាន់ម៉ា១នាក់)។ សម្រាប់ជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់ មីយ៉ាន់ម៉ា១នាក់) បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រៀមបណ្តេញចេញ។
ដោយឡែកក្នុងប្រតិបត្តិការចប់ កាលពីថ្ងៃទី១០ មីនាម្សិលមិញនេះ ក្នុងសន្និសីទសារព័ត៌មាន អាជ្ញាធរកម្ពុជាបានប្រកាសថា ប្រតិបត្តិការនេះគឺគោលបំណងលុបបំបាត់ឱ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ យោងតាមតុល្យការចុងក្រោយនៃវិធានការ អាជ្ញាធរកម្ពុជាបានបង្ក្រាបបទល្មើសល្បែងអនឡាញបានប្រមាណ៣០០០ទីតាំង និងរកឃើញមនុស្សប្រហែល១ម៉ឺននាក់៕
ដោយ៖ តារា