ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ​ជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញត្រួតពិនិត្យ​​ការ​សាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុងពេលការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ គឺមិនបានឈប់សម្រាកនោះទេ។ ខណៈវឌ្ឍន្នភាពជំហានទី១នៃការសាងសងជំហានទី១នេះ គឺសម្រេចបានជាង ៦៦% និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ប្រមាណ ១ ពាន់លានដុល្លារហើយ។

-សម្ដេចធិបតី ថ្លែងថា​ ខ្ញុំបានចរចាជាមួយប្រទេសអូស្ត្រាលី, ជាមួយ ឥណ្ឌា, ឥណ្ឌូណេស៊ី, ហ្វីលីពីន និងប្រទេសជាច្រើនទៀត ដើម្បីបើកឱ្យមានដំណើរការហោះហើរត្រង់ ទៅមករវាងកម្ពុជា ជាមួយនឹងបណ្ដាប្រទេសទាំងនោះ។

-សម្ដេចធិបតី ថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នទាំងអស់ ដែលបានរួមគ្នាធ្វើការដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឱ្យការការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ អាចដំណើរការទៅបានដោយរលូន និងប្រកបដោយសមិទ្ធផលរហូតមកដល់ពេលនេះ។

-សម្ដេចធិបតី ថ្លែងថា​ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបាន រចនាគូរប្លង់ដោយក្រុមហ៊ុនលំដាប់កំពូលមួយនៅអង់គ្លេស។

-សម្ដេចធិបតី ថ្លែងថា​ យើងត្រូវតែមានមោទនភាព សូម្បីតែកម្មករ ដែលកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក៏ត្រូវតែមានមោទកភាពចំពោះការសាងសង់ ព្រលាននេះដែរ ដោយសារបានចូលរួមកសាងសមិទ្ធផលប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ផលពីព្រលាន នេះ នឹងបានដល់ពលរដ្ឋនៅទូទាំងប្រទេស និងរាប់សិបឆ្នាំទៅមុខទៀត។

-សម្ដេចធិបតី ថ្លែងថា ឆ្នាំនេះ រាជរដ្ឋាភិបាលកំពុងជំរុញខេត្តសៀមរាប លើវិស័យទេសចរណ៍ និងខេត្តព្រះសីហនុ លើការវិនិយោគ ដោយទាក់ទាញវិនិយោគជាច្រើនមកបណ្ដាក់ទុននៅខេត្តព្រះសីហនុ និងឈានទៅបង្កើតខេត្តព្រះសីហនុ និងសៀមរាប ជាពូលសេដ្ឋកិច្ចពិសេសរបស់ជាតិ។

-សម្ដេចធិបតី ថ្លែងថា​ ក្នុងមួយឆ្នាំៗពលរដ្ឋកម្ពុជាចេញទៅកម្សាន្តនៅ ក្រៅប្រទេសច្រើនជាងក្នុងប្រទេស។ ពលរដ្ឋកម្ពុជា ស្គាល់តំបន់ទេសចរណ៍ល្បីៗស្អាតៗ ក្នុងប្រទេស ដោយសារវិបត្តិកូវីដសកល។

-សម្ដេចធិបតី​ ថ្លែង​ស្នើរឱ្យអ្នករកស៊ីលើវិស័យទេសចរណ៍ចាប់ដៃជាមួយរាជរដ្ឋាភិបាល បង្កើតភាពទាក់ទាញ និងផលិតផលឱ្យបានច្រើន។​ សម្ដេច អះអាងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនសាងសង់ឱ្យតែល្អមើលនោះទេ គ្រប់យ៉ាងសាងសង់ដើម្បីប្រយោជន៍កម្ពុជា។

-សម្ដេចធិបតី​ ថ្លែង​ថា វិស្វករដែលបម្រើការងារនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺកំពុងតែធ្វើការងារផង និងរៀនសូត្រពីការងារផង។

-សម្ដេចធិបតី ថ្លែងថា​ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានសម្រេចចិត្តជ្រើសរើសទីតាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាទីតាំងអំណោយផល និងផ្ដល់សក្ដានុពល និងជំរុញការអភិវឌ្ឍ សម្រាប់ទិសនីរតី ដែលថ្ងៃអនាគតអាកាសយានដ្ឋាននេះ នឹងផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋរាប់លាននាក់។

-សម្ដេចធិបតី ថ្លែងថា​ ខ្ញុំហ៊ានអួត ព្រោះជារបស់ខ្មែរ កើតលើទឹកដីខ្មែរ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

-សម្ដេចធិបតី​ ថ្លែងថា​ ព្រលានយន្តហោះអន្តរជាតិតេជោ នឹងធ្វើឱ្យ មានការអភិវឌ្ឍនៅតំបន់ភាគខាងត្បូងភ្នំពេញ និងតំបន់ភាគនិរតីនៃប្រទេស។

បើតាមការបញ្ជាក់របស់លោក​រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា​ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាក់ថ្នាក់ 4F ដំណាក់កាលទី១ គ្រោងនឹងបើកដំណើរការនាឆមាសទី១ ឆ្នាំ២០២៥ខាងមុខនេះ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអះអាងថា ដើម្បីឈានទៅសម្រេចបានតាមកាលបរិច្ឆេទ ដែលបានគ្រោងទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានបង្កើតគណៈកម្មការបច្ចេកទេសមួយជាសេនាធិការដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយ ការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ។

លោករដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ បានបន្ថែមថា បច្ចុប្បន្នគណៈកម្មការនេះ បាននឹងកំពុងបំពេញការងារយ៉ាងសកម្មរបស់ខ្លួន ដោយបានសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូលអិលធីឌី និងក្រុមហ៊ុន Cambodia Air Traffic Services ក្នុងការរៀបចំបំពេញបែបបទតាមលក្ខខណ្ឌតម្រូវនៃការធ្វើវិញ្ញាបនបត្រអាកាស យានដ្ឋាន (Aerodrome Certification) ដោយអនុលោមតាមគោលការណ៍នៃច្បាប់ បទដ្ឋានបច្ចេកទេស និងនីតិវិធីជាធរមាន។

គួរជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកសាងសង់ឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្ទៃដី ២៦០០ហិកតា ចាយទុនវិនិយោគចំនួន១៥០០លានដុល្លារសហរដ្ឋអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

ដោយ​៖ ស​ តារា


ចែករំលែក៖