នាវាចម្បាំងមកពីរុស្ស៊ី ចិន និងអុីរ៉ង់នឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលនឹងមានរយៈពេលរហូតដល់ចុងសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន RT សមយុទ្ធកងទ័ពជើងទឹករួមគ្នារវាងរុស្ស៊ី ចិននិងអុីរ៉ង់ ត្រូវបានគេហៅថា “ខ្សែក្រវាត់សន្តិសុខដែនសមុទ្រ” ដែលធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមីនា។ ក្រៅពីនាវាចម្បាំង សកម្មភាពធ្វើសមយុទ្ធរួមមានការចូលរួមពីកងទ័ពអាកាស។
“ផ្នែកសំខាន់នៃសមយុទ្ធនឹងធ្វើឡើងនៅសមុទ្រអារ៉ាប់ ជាពិសេសឈូងសមុទ្រអូម៉ង់។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 11 ខែមីនាថា គោលបំណងសំខាន់នៃសមយុទ្ធនេះគឺដើម្បីធានាសុវត្ថិភាពនៃសកម្មភាពសេដ្ឋកិច្ចដែនសមុទ្រ។
តំណាងឱ្យកងទ័ពជើងទឹករុស្ស៊ីគឺជានាវាពីរនៃកងនាវាចរប៉ាស៊ីហ្វិក នាវាចម្បាំងកាំជ្រួចដឹកនាំថ្នាក់ Slava-class Varyag និងនាវាចម្បាំង Udaloy-class Marshal Shaposhnikov ។
យោងតាមក្រសួងការពារជាតិចិន កងទ័ពជើងទឹករបស់ប្រទេសនេះបានបញ្ជូននាវាពិឃាតមីស៊ីលដឹកនាំ Urumqi នាវាពិឃាតមីស៊ីលដឹកនាំ Linyi និងនាវាដឹកជញ្ជូន Dongpinghu សម្រាប់សមយុទ្ធនេះ។
កងទ័ពជើងទឹកអុីរ៉ង់បានចូលរួមក្នុងសមយុទ្ធនេះជាមួយនឹងឧទ្ធម្ភាគចក្រ និងទូកល្បាតតូចៗជាច្រើន។
សមយុទ្ធ “ខ្សែក្រវាត់សន្តិសុខដែនសមុទ្រ” ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ 2019 ហើយជាសកម្មភាពយោធាប្រចាំឆ្នាំរបស់រុស្ស៊ី ចិន និងអុីរ៉ង់។
ក្នុងអំឡុងពេលសមយុទ្ធនៅឆ្នាំ 2023 កងទ័ពជើងទឹកនៃប្រទេសទាំងបីបានដាក់ពង្រាយនាវាចម្បាំងក្នុងការបង្កើត ធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងក្លែងធ្វើការជួយសង្គ្រោះចំណាប់ខ្មាំងពីកប៉ាល់ដែលចាប់បានដោយចោរសមុទ្រ និងផ្តល់ការគាំទ្រដល់កប៉ាល់ដែលកំពុងមានបញ្ហានៅសមុទ្រ។
តំបន់សមយុទ្ធនេះមានទីតាំងនៅជិតច្រកចូលឈូងសមុទ្រពែរ្ស ដែលជាកន្លែងដឹកជញ្ជូនប្រេងភាគច្រើននៅលើពិភពលោក។
នៅផ្នែកម្ខាងទៀតនៃឧបទ្វីបអារ៉ាប់ នៅឯឆ្នេរសមុទ្រនៃប្រទេសយេម៉ែន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដាក់ពង្រាយនាវាចម្បាំងជាច្រើនគ្រឿងក្នុងកិច្ចប្រឹងប្រែងមួយដើម្បីការពារក្រុមហ៊ូធីពីការជ្រៀតជ្រែកក្នុងសកម្មភាពពាណិជ្ជកម្មដែនសមុទ្រពាក់ព័ន្ធនឹងអុីស្រាអែល៕
ដោយ៖ ធីរីណា(រូបថត៖ vtc news)