ព័ត៌មានទាន់ហេតុការណ៍៖

តំណាងចែកចាយគ្រឿងសំណង់ម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាតំណាងចែកចាយគ្រឿងសំណង់ម្នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចប្រាប់ថាៈ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ប៊ុន សុភាព ភេទស្រី ឣាយុ៤៤ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្ដីពីករណីរំលោភលើទំនុកចិត្ត​ ដែលប្រព្រឹត្តដោយឈ្មោះ​ ឈុន ស៊ីណា ភេទប្រុស ឣាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។

លោកវរសេនីយ៍ត្រី​ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា តាមការរៀបរាប់របស់ដើមបណ្ដឹងបានឱ្យដឹងថា រូបខ្លួនជាម្ចាស់ឣាជីវកម្មលក់គ្រឿងសំណង់គ្រប់ប្រភេទនៅក្នុងក្រុងប៉ោយប៉ែត ហើយរូបខ្លួនបានជួលឈ្មោះ ឈុន ស៊ីណា មកធ្វើការឱ្យរូបខ្លួនជាបុគ្គលិកផ្នែកទីផ្សារ និងបានដើរចែកចាយគ្រឿងសំណង់ចំនួន៤ខេត្ត ហើយគ្រប់ពេលដែលឈ្មោះ ឈុន ស៊ីណា យកគ្រឿងសំណង់ឱ្យតំណាងទាំង៤ខេត្ត ឈ្មោះនេះបានរាយការណ៍មកថា តំណាងចែកចាយគ្រឿងសំណង់បានជំពាក់ប្រាក់ជាបន្តបន្ទាប់ រហូតបំណុលរបស់តំណាងចែកចាយមានការកើនឡើង ទើបរូបខ្លួនមានការសង្ស័យបានដាក់បុគ្គលិកផ្សេងទៀតឱ្យដើរតាមឈ្មោះ ឈុន ស៊ីណា ដើម្បីទារប្រាក់តាមខេត្តជាមួយគ្នា ប៉ុន្តែឈ្មោះ ឈុន ស៊ីណា បានបង្វែរបុគ្គលិកទៅកន្លែងផ្សេងទៅវិញ ក្រោយមករូបខ្លួនបានឱ្យកូនប្រុសបង្កើតចុះស្រាវជ្រាវតាមតំណាងចែកចាយគ្រឿងសំណង់តាមបណ្ដាខេត្តដែលជំពាក់ថ្លៃគ្រឿងសំណង់ជាមួយឈ្មោះ ឈុន ស៊ីណាម្ដងទៀតទើបទទួលបានព័ត៌មានថា ប្រាក់ដែលតំណាងចែកចាយគ្រឿងសំណង់តាមបណ្ដាខេត្តទាំង៤​​បានសងឱ្យឈ្មោះ ឈុន ស៊ីណា ឣស់ហើយ រហូតដល់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៤ ឈ្មោះ ឈុន ស៊ីណា​ បានឆ្លើយសារភាពប្រាប់ខ្លួនត្រង់ថា​​ ប្រាក់ដែលឣតិថិជនសងថ្លៃគ្រឿងសំណង់ រូបគេយកទៅចាយឣស់ប្រហែលចំនួន១០០,០០០$(ដប់ម៉ឺនដុល្លារ) រហូតដល់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៤ ឈ្មោះ ឈុន ស៊ីណា បានប្រគល់ប្រាក់មកឱ្យរូបខ្លួនចំនួន៥០០០០$(ប្រាំម៉ឺនដុល្លារ) ក្រោយមករូបខ្លួនប្រើឱ្យកូនប្រុសចុះស្រង់បញ្ជីគ្រប់ឣតិថិជនទើបដឹងថា ឈ្មោះ ឈុន ស៊ីណា បានកេងប្រវ័ញ្ចយកប្រាក់របស់ក្រុមហ៊ុនខ្លួន តាំងពីឆ្នាំ២០១៥​ រហូតមកដល់ដើមឆ្នាំ២០២៤ ឣស់ទឹកប្រាក់សរុបចំនួន៣៥៣,៧៦១$(បីសែន ប្រាំម៉ឺន បីពាន់ ប្រាំពីររយ ហុកសិបមួយ ដុល្លារ) ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹង​​ និងទទួលបានការឣនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោកកើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះនាំខ្លួនឈ្មោះ ឈុន ស៊ីណា មកកាន់មូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។ ក្រោយពីសួរនាំរួច ជនសង្ស័យឈ្មោះ ឈុន ស៊ីណា បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានកេងប្រវ័ញ្ចប្រាក់ដែលខ្លួនប្រមូលបានពីឣតិថិជនលក់គ្រឿងសំណង់តាមបណ្ដាខេត្តយកមកបើកកន្លែងលក់គ្រឿងសំណង់ផ្ទាល់ខ្លួន​ និងទិញឡាន គ្រឿងចក្រ​ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ​ និងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈុន ស៊ីណា រួមនឹងវត្ថុតាងផ្ទាល់ខ្លួនដែលកម្លាំងជំនាញកងរាជឣាវុធហត្ថដកហូត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជឣាវុធបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖