ព័ត៌មានទាន់ហេតុការណ៍៖

ដុតសំរាមឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ២ខ្នងនៅផ្លូវរថភ្លើងទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងរួមទាំងសម្ភារនៅក្នុងនោះត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ទាំងស្រុង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅម្តុំត្រឡោកបែក លើផ្លូវរថភ្លើងកែងផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុដោយឃើញមានមនុស្សមិនស្គាល់អត្តសញ្ញាណបានមកដុតសំរាមនៅក្បែរផ្ទះកើតហេតុ រួចក៏បន្តឆេះរាលដាលទៅលើផ្ទះពលរដ្ឋក្បែរនោះចំនួន២ខ្នង ដែលផ្ទះនោះដំបូលប្រក់ហ្វីប្រូខាងក្រោមធ្វើអំពីឈើបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ពេលនោះដែរប្រជាពលរដ្ឋដែលរស់នៅជិតខាងបាននាំគ្នាទាញទុយយោទឹកបាញ់ទប់ស្កាត់និងបានប្រមូលសម្ភារចេញពីក្នុងផ្ទះបានមួយចំនួន ហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ ហើយសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

បន្ទាប់មករថយន្តពន្លត់អគ្គិភ័យរបស់កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់បាញ់ពន្លត់ភ្លើងដោយប្រើប្រាស់ទឹកអស់ជាច្រើនគ្រឿងទើបរលត់ទៅវិញ។ ក្នុងហេតុការណ៍នេះដែរមិនមានអ្នករងរបួសនិងស្លាប់នោះទេ គ្រាន់តែខូចខាតផ្ទះចំនួន២ខ្នង រួមទាំងសម្ភារនៅក្នុងនោះអស់ទាំងស្រុង។ ចំពោះមូលហេតុនៃការឆាបឆេះសមត្ថកិច្ចបានបញ្ជាក់ថាគឺមកពីការដុតសំរាម៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖