ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លើផ្លូវជាតិលេខ ៤ ស្ថិតនៅស្រុកភ្នំស្រួច និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោ ទុន ពិសី និងលោកវរសេនីយ៍ទោ ឃឹម សុវណ្ណារ៉េត បានឃាត់រថយន្ដធុនធំចំនួន ១២គ្រឿង វាំងនន តុបតែងតុក្តា បិទអក្សរ ឡូហ្គោ និងផ្នែកកញ្ចក់ខាងមុខ បានដោះស៊ីផ្លេ ដើម្បីអប់រំណែនាំធ្វើកិច្ចសន្យា យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោកខេត្ត។
គួរជម្រាបជូនថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏មុឺងម៉ាត់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជាឱ្យគ្រប់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ចុះត្រួតពិនិត្យ និងមានវិធានការឱ្យតឹងរ៉ឹងបំផុតទៅលើរថយន្តធុនធំៗ ដែលបិទវាំងនន និងស្ទិកឃ័រពណ៌ខ្មៅនៅលើកញ្ចក់ខាងមុខរថយន្តនោះ បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ច បាននិងកំពុងមានចំណាត់ការទៅលើរថយន្តធុនធំៗទាំងនោះ។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការសកម្មភាពឃាត់រថយន្តធុនធំដែលបិទ sticker ខ្មៅ វាំងនន ការតាំងភ្លើងខុសលក្ខណៈបច្ចេកទេស កញ្ចក់មើលក្រោយច្រើនដោយផ្ដោតលើកញ្ចក់ខាងមុខ និងការតុបតែងរញ៉េរញ៉ៃខុសប្រក្រតី ដូចជាបិទអក្សរនៅជាប់និងរថយន្តជាដើម។ ជាពិសេសរថយន្តធុនធ្ងន់តែម្ដង ដែលធ្វើឱ្យអ្នកបើកបរមើលផ្លូវមិនបានឃើញច្បាស់អាចបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផង និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈផង។ ដូច្នេះត្រូវតែកែសម្រួលហ្នឹងបកចេញទាំងអស់តែម្ដង។ នេះគឺជាកិច្ចចង្អុលការរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគបាលខេត្តកំពង់ស្ពឺ ជាពិសេសអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្ធិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះ មន្រ្តីជំនាញ ក៏បានអំពាវនាវដល់ម្ចាស់រថយន្ត ឬអ្នកបើកបរទាំងអស់សូមចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា ដោយកែសម្រួលនិងបកចេញប្រសិនបើមានដូចករណីខាងលើសំដៅធ្វើយ៉ាងណាឱ្យស្របតាម ការណែនាំរបស់ថ្នាក់ដឹកនាំ៕
ដោយ៖ តារា