ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញ សេចក្តីប្រកាសព័ត៌មានថា ៖ នាពេលថ្មីៗនេះ មានអ្នកប្រើប្រាស់ព័ត៌មានក្នុងបណ្តាញសង្គមមួយទៅពីរនាក់ បានបញ្ចេញមតិផ្សេងៗគ្នាជុំវិញរូបសំណាកហ្លួងព្រះស្ដេចកន គង់លើសេះបែរទៅទិសខាងលិច ថ្លែង ស បី ដែលរដ្ឋបាលខេត្ត ត្បូងឃ្មុំ បាននឹងកំពុងសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ (PK 157+210) នៅចំណុចប្រសព្វផ្លូវប្រភេទ “ក” បំបែកចូលតំបន់បុរីរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលនាំឱ្យសាធារណជន មានការភ័ន្តច្រឡំ មកលើថ្នាក់ដឹកនាំខេត្ត។
ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា ៖ ដោយផ្អែកតាមតឹកតាងប្រវត្តិសាស្ត្រខ្មែរ តាំងពីចុងសតវត្សទី១៥ និងដើមសតវត្សទី១៦ រហូតដល់ក្នុងរជ្ជកាលព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតី ហៅថា ហ្លួងព្រះស្ដេចកន(១៤៨៣-១៥២៥) គឺជារាជាមុនដំបូងគេបង្អស់ ដែលបានបោះពុម្ពរូបិយវត្ថុជាតិ (ប្រាក់ស្លឹងរូបនាគ) ដើម្បីជានិមិត្តរូប នៃសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងតំណាងឱ្យអរិយធម៌ វប្បធម៌ថ្កើងថ្កានក្នុងតំបន់ត្បូងឃ្មុំ នៃរជ្ជកាលក្សត្រអង្គនេះ និងត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ជាផ្លូវការជានិមិត្តសញ្ញាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។ ក្នុងន័យនេះ ដើម្បីរក្សាកេរដំណែលរូបិយវត្ថុជាតិនាសម័យនោះ ដែលជាសត្យានុម័ត នៃសុខសន្តិភាព វឌ្ឍនភាពសេដ្ឋកិច្ច សង្គម រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់មន្ទីរពាក់ព័ន្ធដែលមានជំនាញខាងប្រវត្តិសាស្ត្រខ្មែរ ដើម្បីធ្វើការសិក្សា ស្រាវជ្រាវ ឈ្វេងយល់យ៉ាងហ្មត់ចត់ អំពីប្រវត្តិរបស់ ម្ខាងព្រះស្ដេចកន តាមរយៈឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនយ៉ាងប្រត្យក្ស ផ្សាភ្ជាប់ជាមួយទីតាំងជាក់ស្តែង (រូបសំណាក ហ្លួងព្រះស្ដេចកន នៅវត្តអង្គរក្នុង) រួចមកទើបសម្រេចសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ គីឡូម៉ែត្រ ១៥៧+២១០ (PK 157+210) នៅចំណុចប្រសព្វផ្លូវប្រភេទ “ក” បំបែកចូលតំបន់បុរីរដ្ឋបាលខេត្ត ត្បូងឃ្មុំ ដោយកំណត់យករូបសំណាក ហ្លួងព្រះស្ដេចកន គង់លើសេះបែរទៅទិសខាងលិច ថ្លែង ស បី មានទម្ងន់ ១០តោន កម្ពស់១១.៣៨ម៉ែត្រ តាមរចនាបថដើមទាំងស្រុង នៃរូបសំណាក ហ្លួងព្រះស្ដេចកន ដែលតម្កល់នៅក្នុងវត្តអង្គរក្នុង ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ដូចនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណចំពោះម្ចាស់គណនីបណ្តាញសង្គមទាំងអស់ ដែល តែងតែយកចិត្តទុកដាក់ តាមដាន និងផ្តល់នូវរាល់ព័ត៌មានទាំងឡាយណា ព្រមទាំងបានផ្សព្វផ្សាយព័ត៌មាន នានា អំពីសមិទ្ធផលថ្មីៗ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានជាបន្តបន្ទាប់ និងសំណើ សំណូមពរផ្សេងៗ ដើម្បីរកដំណោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព សម្រាប់បម្រើឱ្យឧត្តមប្រយោជន៍សាធារណៈ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា