ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ខណៈកម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ៤៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៩៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦១៥គ្រឿង, រថយន្តធំ ០៧គ្រឿង, រថយន្តតូច ១៩៤គ្រឿង និងម៉ូតូ ៤១៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៦៤គ្រឿង រថយន្តធំ ០៤គ្រឿង រថយន្តតូច ១២៧គ្រឿង និងម៉ូតូចំនួន ៣៣៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៤ថ្ងៃ ពីថ្ងៃទី១-១៤ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៧,០៩៤គ្រឿង រថយន្តធំ ២៥៨គ្រឿង រថយន្តតូច ១,៨២២គ្រឿង ម៉ូតូ ៥,០១៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៤៨១គ្រឿង, រថយន្តធំ ៨៤គ្រឿង, រថយន្តតូច ១,១៥៧គ្រឿង និងម៉ូតូ ៤,២៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា