ព័ត៌មានទាន់ហេតុការណ៍៖

ចិននិងរុស្ស៊ី វេតូ «នយោបាយលាក់ពុត» របស់អាមេរិក ស្នើបទឈប់បាញ់នៅហ្គាហ្សា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា រុស្ស៊ីនិងចិនបានវេតូប្រឆាំងនឹងសេចក្តីព្រាងសម្រេច ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងក្រុមប្រឹក្សាសន្តិសុខស្តីពីបទឈប់បាញ់នៅហ្គាហ្សា ដោយទីក្រុងមូស្គូបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនអំពី «នយោបាយលាក់ពុត» ដែលមិនដាក់សម្ពាធលើអុីស្រាអែល។
រុស្ស៊ីនិងចិនបានប្រើសិទ្ធិវេតូ ហើយប្រទេសអាល់ហ្សេរីក៏បានវេតូ និងប្រទេសហ្គីយ៉ាណាបានអនុប្បវាទ។ សមាជិក១១រូបទៀត នៃក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតគាំទ្រ ក្នុងនោះមានសមាជិកអចិន្ត្រៃយ៍របស់ប្រទេសបារាំង និងចក្រភពអង់គ្លេស។
ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vasily Nebenzia បាននិយាយថា សហរដ្ឋអាមេរិកមិនបានធ្វើអ្វីដើម្បីទប់ស្កាត់អុីស្រាអែលអំពីសង្គ្រាមឡើយ ហើយបានចំអកឱ្យទីក្រុងវ៉ាស៊ីនតោនសម្រាប់ការនិយាយអំពីបទឈប់បាញ់ បន្ទាប់ពី «តំបន់ហ្គាហ្សាស្ទើរតែបាត់ខ្លួនពីផ្ទៃផែនដី»។
លោកបាននិយាយថា «យើងបានឃើញទស្សនីយភាពបុរាណនៃភាពលាក់ពុត»។
លោកបានមានប្រសាសន៍ថា «ផលិតផលរបស់អាមេរិកគឺមានលក្ខណៈនយោបាយសុទ្ធសាធ ហើយគោលបំណងតែមួយគត់របស់គេ គឺដើម្បីផ្គាប់ចិត្តអ្នកបោះឆ្នោត ដោយការលើកឡើងអំពីបទឈប់បាញ់ បើទោះបីជាមិនមានកិច្ចខិតខំប្រឹងប្រែងដោយស្មោះក៏ដោយ»។
ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ដំណោះស្រាយនេះនឹង «ធានាឱ្យមាននិទណ្ឌភាពសម្រាប់អុីស្រាអែល ខណៈឧក្រិដ្ឋកម្មមិនត្រូវបានគេវាយតម្លៃសូម្បីតែនៅក្នុងសេចក្តីព្រាងច្បាប់»។
សេចក្តីព្រាងនេះភ្ជាប់បទឈប់បាញ់ទៅនឹងកិច្ចចរចា ដែលកំពុងបន្តដឹកនាំដោយកាតារ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិកនិងអេហ្ស៊ីប ដើម្បីបញ្ឈប់សង្រ្គាមជាថ្នូរនឹងការដោះលែងក្រុមហាម៉ាស់៕

ដោយ៖ ធីរីណា(រូប​ថត​៖ AFP)


ចែករំលែក៖