ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកូរ៉េ គឺជាទីផ្សារធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាឱ្យលោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics  ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

ក្រុមហ៊ុន Maekyung Media Group  គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។ ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយ ។

កូរ៉េ គឺជាទីផ្សារធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ២៦,២១ លានដុល្លារអាមេរិក ដែលមានកំណើនរហូត ២០៤៨% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២ លានដុល្លារអាមេរិក។ 

រីឯរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ ដែលមានទំហំ ២,២១ លានដុល្លារអាមេរិក៕

ដោយ​៖ តារា​


ចែករំលែក៖