ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-អុីស្រាអែល បន្តជួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដើម្បីផ្តល់ឱកាសថ្មីបន្ថែមដល់ពលរដ្ឋក្នុងការពង្រីកសមត្ថភាពជំនាញ

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងលោក Eli Eliyahu Sneh (អែលី អែលីយ៉ាហ៊ូ ស្នេស) អគ្គទីប្រឹក្សានៃស្ថានទូតអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ នៅទីស្តីការក្រសួង។ ជំនួបនេះ បានផ្តោតលើការបន្តកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និងអុីស្រាអែល។ 

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចពិភាក្សាដែលក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ បានសម្រេចកន្លងមកដើម្បីឈានដល់កិច្ចសហប្រតិបត្តិការមួយដែលនឹងផ្តល់ប្រយោជន៍ទៅកាន់ប្រជាជាតិទាំងពីរតាមរយៈការពង្រឹងសមត្ថភាពជំនាញបច្ចេកទេស ពង្រីកសមត្ថភាពបទពិសោធន៍ការងារនៅទីតាំងជាក់ស្តែង ក៏ដូចជាការបង្កើនកម្រិតជីវភាព។ 

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានក្រសួងជាសេនាធិការក្នុងការបន្តជំរុញកំណែទម្រង់មុតស្រួចដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានផលភាគកាន់តែច្រើនបន្ថែមទៀតប្រកបដោយតម្លាភាពដែលហូរចេញពីកិច្ចសហការនេះ។ 

ត្រង់ចំណុចនេះ លោក អែលី អែលីយ៉ាហ៊ូ ស្នេស ក៏បានឯកភាពដែរថា មានតែការខិតខំប្រឹងប្រែងឱ្យកិច្ចសហការនេះជោគជ័យនិងរលូននោះទេ ទើបអាចឱ្យពលរដ្ឋទាំងសងខាងទទួលបានអត្ថប្រយោជន៍ជាអតិបរមាដែលនឹងជួយពូនជ្រុំបន្ថែមដល់កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រទេសជាមិត្ត។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបសមភាគីអំពីបទពិសោធន៍របស់កម្ពុជាដែលធ្លាប់សហការជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗទៀតលើវិស័យការងារនេះ ហើយពលរដ្ឋកម្ពុជាក៏កំពុងបន្តទទួលបានផលផ្លែផ្កាទាំងលើសមត្ថភាពជំនាញ និងកម្រិតជីវភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរវាងប្រទេសទាំងពីរ បន្តពិភាក្សាលើចំណុចគោលៗបន្ថែមដើម្បីធ្វើឱ្យពលរដ្ឋកម្ពុជា និងអុីស្រាអែលអាចទទួលផលភាគជាអតិបរមាចេញពីកិច្ចសហការនេះ៕

ដោយ​៖ តារា​


ចែករំលែក៖