ព័ត៌មានទាន់ហេតុការណ៍៖

លួចទូរស័ព្ទគេចខ្លួនបាត់ជិត១០ថ្ងៃត្រឡប់មកវិញ ជនរងគ្រោះឃេីញចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពចូលលួចទូរស័ព្ទពីបុរសម្នាក់បានសម្រេចរួចគេចខ្លួនបាត់អស់រយៈពេល៨ថ្ងៃទៅហេីយខណៈត្រឡប់មកវិញដេីរកាត់មុខផ្ទះជនរងគ្រោះទេីបជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង ២១ និង ១៥នាទីយប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នៅចំណុចផ្ទះជួល ស្ថិតនៅភូមិ ជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទី១.ឈ្មោះ ឯម ខាន់ណា ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។

ទី២.ឈ្មោះ ថុន សំណាង ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ 

ចំណែកជនរងគ្រោះឈ្មោះ ឡោ សុធា ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ ទូរស័ព្ទម៉ាក Oppo មួយគ្រឿង។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ២០នាទី មុនពេលកើតហេតុ ជនរងគ្រោះ បានទុកទូរស័ព្ទដៃម៉ាក Oppo នៅលើធុងទឹកកកក្រោមសំយ៉ាបមុខផ្ទះ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចហើយក៏ដឹកទឹកកកយកទៅឱ្យម៉ូយដោយភ្លេចទូរស័ព្ទនោះនៅលើធុងទឹកកក លុះ ពេលត្រលប់មកផ្ទះវិញ ស្រាប់តែបាត់ទូរស័ព្ទតែម្តង ភ្លាមនោះឈ្មោះ ម៉ា អឿន ដែលនៅផ្ទះជាប់គ្នា បានប្រាប់ថាឃើញជនសង្ស័យ ភេទស្រី អាយុប្រហែលជាង ២០ឆ្នាំ បានដើរចូលក្នុងផ្ទះលួចទូរស័ព្ទទៅបាត់ហើយ រហូតដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ១៥នាទី ជនសង្ស័យដើរកាត់មុខផ្ទះ របស់ជនរងគ្រោះ រួចហើយជនរងគ្រោះនិងឈ្មោះ ម៉ា អឿន ធ្វើការចាប់ខ្លួនជនសង្ស័យសួរនាំ រួចប្រគល់ ជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖