ព័ត៌មានទាន់ហេតុការណ៍៖

ធាក់ផ្តួល​វាយយកម៉ូតូ​ និងទូរស័ព្ទ​ គេចខ្លួនបាន៣ថ្ងៃ​ ត្រូវកម្លាំងជំនាញតាមចាប់ឃាត់ខ្លួនបាន០២នាក់​ ក្នុងចំណោមបក្ខពួក០៥នាក់

ចែករំលែក៖

ខេត្តតាកែវ​ ៖​ ជនសង្ស័យចំនួន០២នាក់​ ក្នុងចំណោមបក្ខពួក០៥នាក់ត្រូវបានកម្លាំងជំនាញ​ស្រុកព្រៃកប្បាស សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ធ្វេីការឃាត់ខ្លួន​ បន្ទាប់ពីធ្វេីសកម្មភាព​លួចមានស្ថានទម្ងន់ទោស​ (ធាក់ផ្តួល​ និងវាយយកម៉ូតូ​ ,ទូរស័ព្ទ​ )នៅវេលាម៉ោង០៣៖១៨នាទី​ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤​ នៅភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​  ។ នេះបេីយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានឲ្យដឹងនៅយប់ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ​២០២៤។ 

    ក្នុងប្រតិបត្តិការ​មុនធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបាន​ គឺមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា​ ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ 

    គួរបញ្ជាក់ថា​ នៅវេលាម៉ោង០៣៖១៨នាទី​ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤​ មានករណី​ អំពេីលួចមានស្ថានទម្ងន់ទោស​ (ធាក់ផ្តួល​ វាយយកម៉ូតូនិងទូរស័ព្ទ) កេីតឡេីង​ បង្កដោយជនសង្ស័យមានគ្នា​ ០៥នាក់​ មិនស្គាល់អត្តសញ្ញាណ​ ជិះម៉ូតូចំនួន​ ០៣គ្រឿង​ បានធ្វេីសកម្មភាពធាក់ផ្តួលម៉ូតូ​ និង​ វាយជនរងគ្រោះ​ឈ្មោះ​ ណុច​ ដារ៉ាជន​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មុខរបរកសិករ រស់នៅភូមិតាខូយ ឃុំជេីងគួន ស្រុកសំរោង ខេត្តតាកែវ​ ហេីយយកម៉ូតូម៉ាក​ ហុងដាឌ្រីម​ សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២០​ ពាក់ផ្លាកលេខ​ តាកែវ​ 1V-8986 និងទូរស័ព្ទ០១គ្រឿងម៉ាក​អូប៉ូ​ រួចគេចខ្លួនបាត់​ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូ​ តាមផ្លូវម្នាក់ឯង​ ។ 

      ក្រោយពីទទួលបានព័ត៌មាន​ លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាន​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្តាញ់ បានចុះដល់កន្លែងកេីតហេតុ​ និងធ្វេីការស្រាវជ្រាវ​ រហូតដល់ថ្ងៃទី២៦​ ខែឆ្នាំដដែល​ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន​ ០២នាក់​ ក្នុងចំណោម​ ០៥នាក់៖​ ១/ឈ្មោះ​ ម៉េង​ ឈាងលី​ ភេទប្រុស​ អាយុ​១៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិពោធិ៍លេី​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​  ២/ឈ្មោះ​ ជា​ លីណា​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ រស់នៅភូមិកំពង់ទ្រា​ ឃុំស្អាងភ្នំ​ ស្រុកស្អាង​ ខេត្តកណ្តាល បន្ទាប់មកកម្លាំងយេីង​ បាននាំខ្លួនជនសង្ស័យទាំង០២នាក់ខាងលេី​ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដេីម្បីសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖