ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែល មហាជននៅទូទាំងខេត្តកំពង់ស្ពឺស្គាល់ច្បាស់មានឈ្មោះ ឡេង ដារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាមន្រ្តីសុរិយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបេីករថយន្ដ ម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C.1972 បានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលកៅស៊ូចេញពីទិសខាងកេីតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះពេលមកដល់ចំណុចមុខសួនច្បារ សម្ដេចព្រះសង្ឃរាជជួន ណាត បានបត់ឡេីងលេីសួនច្បារសាធារណៈមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ បង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍មន្ត្រីសុរិយោដីស្រុកសំរោងទងម្នាក់បើករថយន្តស៊េរីទំនើបទាំងស្រវឹងស្រាជោគជាំបណ្តាលឱ្យបុករះផ្ទាំងបាណូលើសួនច្បារខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បណ្ដាលឱ្យមនុស្សម្នារ ដែលកំពុងតែធ្វេីដំណេីរចេញចូល ហាត់ប្រាណរត់ជាន់ជាន់ជេីងគ្នាដោយសារតែភ័យលោះព្រលឹង រត់យករួចខ្លួនរៀងៗខ្លួន។
នគរបាលចរាចរណ៍បានបន្តទៀតថា ក្រោយកើតហេតុរួចមក បុរសដែលជាមន្ត្រីសុរិយោដីស្រុកសំរោងទង មានឈ្មោះ ឡេង ដារ៉ា ជាអ្នកបេីកបររថយន្ដនោះបានបេីកទ្វាររថយន្តចេញមកដោយមានអាការៈស្រវឹងស្រាជោគជាំ ហេីយស្រែកថាមិនអីទេទុកឲ្យខ្ញុំដោះស្រាយៗ។ មហាជនបាននាំគ្នាឆ្ងល់ថាហេតុអ្វីមន្រ្ដីសុរិយោដីរូបនេះមានពេលវេលាស្រវឹងស្រាទាំងក្បាលព្រលប់បែបនេះ គាត់មិនធ្វើការទេឬ? បានជាស្រវឹងតាំងពីម៉ោង៥ល្ងាចទៅហេីយ សួរថាតេីគាត់ហូបស្រាតាំងពីពេលណាមក?។
នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺបានបញ្ជាក់បន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីបណ្ដាលឱ្យរងការខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺដាក់តាំងពិព័ររូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពីសមទ្ធិផលនានារបស់ខេត្ដនិងប្រទេស។ ក្រោយមកអ្នកបេីកបររថយន្តបង្កហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នាំខ្លួនមកធ្វើតេស្ដជាមួយឧបករណ៍គឺមានជាតិស្រវឹង (១.៥៥ mg/L )និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូនរដ្ឋបាលខេត្ដដេីម្បីដោះស្រាយលេីសំណង។
ជាចុងក្រោយសមត្ថកិច្ចជំនាញបានសំណូមពរ ដល់ប្រជាពលរដ្ឋ សូមមេត្ដាបញ្ឍប់បេីកបរក្នុងពេលស្រវឹង ស្រាផង ពីព្រោះវាអាចបង្កគ្រោះថ្នាក់ផ្សេងៗ ដល់អ្នកធ្វើដំណើរពេលស្រវឹងស្រាផង ពីព្រោះវាអាចបង្កគ្រោះថ្នាក់ផ្សេងៗ ដល់អ្នកធ្វើដំណើរ៕
ដោយ៖ សូរិយា