ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួននិងឃុំខ្លួនទណ្ឌិតម្នាក់ ពាក់ព័ន្ធស៊ីដាច់ប្រាក់គេជាង២ ម៉ឺនដុល្លារអាមេរិក រឿងរត់ការនាំមនុស្សចេញទៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានសម្រេចចេញដីកាឃុំខ្លួនបុរសវ័យកណ្តាលម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.ឆបោក ក្រោមរូបភាពស៊ីដាច់ប្រាក់គេជាង២ ម៉ឺនដុល្លារអាមេរិក ដែលទទួលយកទៅរត់ការនាំមនុស្សចេញទៅក្រៅប្រទេសដែលមិនបានជោគជ័យ ។ 

ជនជាប់ចោទមានឈ្មោះ ទូច ចន្ថា ភេទប្រុស អាយុ៥៤ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលលេខ ៣៤អឺ១ ផ្លូវលេខ ២១៧ ភូមិ៤ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមជម្រាបថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និង លោកឧត្តម សេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យជំនាញ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនទណ្ឌិតម្នាក់ នៅចំណុចផ្លូវលេខ១៨២ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

តាមសមត្តកិច្ចឲ្យដឹងថា ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺជាការអនុវត្តតាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍ ដែលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោសឈ្មោះ ទូច ចន្ថា ភេទប្រុស អាយុ៥៤ ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ពីបទ.ឆបោក ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ៣៤E1ផ្លូវលេខ២១៧ សង្ការអូរឫស្សីទី២ ខណ្ឌ៧ មករា កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ដែលបទ ល្មើសមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ សាលដីកាបង្គាប់ឲ្យជនជាប់ចោទសងសំណងការខូចខាតចំនួន  ២៥ ៧២៥ ដុល្លារអាមេរិក និងសំណងជម្ងឺចិត្តចំនួន ៨ ០០០ ០០០ រៀលទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី ។ 

សំអាងហេតុសាលដីកាព្រហ្មទណ្ឌកំពូលនោះ បានចូលជាស្ថាពរនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ មានអនុភាពអនុវត្តតាមច្បាប់ គម្បីសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាប់ចោទដើម្បីអនុវត្តទោស ទៅតាមផ្លូវច្បាប់ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖