ខេត្តសៀមរាប៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ក្រោមកិច្ចសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការងារគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបើកវេទិកាសន្ទនាថ្នាក់ជាតិស្តីពីឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខ័ណ្ឌការងារគ្រប់គ្រងព្រំដែន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានសមាសចូលរួមមកពីមន្រ្តីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីកម្មវីធីគ្រប់គ្រងព្រំដែនរបស់UNODC, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធាន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនBLO ទូទាំងប្រទេស សរុបចំនួន៥៣នាក់។
ពីវេទិកានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានជម្រាបពីគោលបំណងសំខាន់ចំនួន៦ចំណុច មាន ៖ ទី១.ពិភាក្សាពិគ្រោះយោបល់ស្តីពីពង្រឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែនBLO(Border Liaison Office) ត្រួតពិនិត្យគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន។ ទី២.ស្វែងយល់ពីបញ្ហាប្រឈមក្នុងការអនុវត្តយន្តការBLO។ ទី៣.ស្វែងយល់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាតិជាមួយស្ថាប័នដៃគូពាក់ព័ន្ធនិងប្រទេសជិតខាង។ទី៤.លើកយកសំណូមពរចំបាច់ដែលគាំទ្រដល់ការពង្រឹងយន្កការការិយាល័យBLO។ ទី៥.ស្វែងយល់ពីការអនុវត្តអនុសាសន៍ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែនសម្រាប់តំបន់អាស៊ាន។ ទី៦.ស្វែងយល់ពីសភាពការណ៍និងនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង។
ថ្លែងបើកក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានណែនាំចង្អុលបង្ហាញដល់ប្រតិភូការិយាល័យទំនាក់ទំនងព្រំដែន(BLO) ដែលដឹកនាំដោយអភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្រូវបន្តយកចិត្តទុកដាក់ពង្រឹងយន្តការការិយាល័យBLO ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែន។ ជម្រុញអោយមានកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចអន្តរស្ថាប័នដែលជាសមាជិកការិយាល័យBLO ក៏ដូចជាមួយBLOនៃប្រទេសដៃគូជិតខាងក្នុងការចែករំលែកព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន និងសូមស្នើសុំដល់ UNODC សូមបន្តជួយគាំទ្រដល់យន្តការការិយាល័យBLOនេះបន្តទៀតតាមគ្រប់រូបភាព ៕
ដោយ៖ តារា