ប្រទេសចិន ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមានជំនួបទ្វេភាគីជាមួយលោក នាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈឹមបក្ស ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។
នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និង លោកនាយឧត្តមសេនីយ៍ អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន បានជជែកពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការដោះមីន។
សម្តេចតេជោ ហ៊ុន សែន និង លោកនាយឧត្តមសេនីយ៍ អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន បានបង្ហាញការពេញចិត្តចំពោះការរីកចំរើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យរវាងកម្ពុជា និងចិន៕
ដោយ ៖ សិលា