ចិន, ហៃណាន ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅក្នុងខេត្តហៃណាន ប្រទេសចិន។
សូមជម្រាបថា ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។ អញ្ជើញអមដំណើរសម្ដេចតេជោ រួមមាន លោក ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងការបរទេស បានឱ្យដឹងថា សម្តេចតេជោ អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ស្របពេលអញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ មានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និង នាយឧត្ដមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។
ជាមួយគ្នានេះ សម្ដេចតេជោ អញ្ជើញបំពេញ ទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា។
សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែលមិនស្វែងរកប្រាក់ចំណេញ។ បូអាវ បានក្លាយជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់កិច្ចសន្ទនាគ្នា ក្នុងចំណោមថ្នាក់ដឹកនាំរដ្ឋាភិបាលកម្រិតជាតិ ក្នុងរង្វង់ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច រួមទាំងបញ្ញាវន្តនៃបណ្តាប្រទេសនៅទ្វីបអាស៊ី និងទ្វីបដទៃទៀត ដែលធ្វើការសន្ទនាគ្នាអំពីបញ្ហាសំខាន់ៗ ក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូល។ វេទិកាបូអាវសម្រាប់អាស៊ី មានគោលដៅលើកកម្ពស់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដោះដូរ សេដ្ឋកិច្ច កិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងតំបន់អាស៊ី និងរវាងអាស៊ី និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក៕
ដោយ ៖ សុខ ខេមរា