ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅខេត្តពោធិ៍សាត់ នារសៀលនេះ រវាងរថភ្លើង និងរថយន្ដក្រុងដឹកអ្នកដំណើរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ខ្ញុំ និងក្រុមការងារបាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅខេត្តពោធិ៍សាត់ នារសៀលនេះ រវាងរថភ្លើង និងរថយន្ដក្រុងដឹកអ្នកដំណើរ ដែលបណ្ដាលឱ្យមានអ្នករងរបួសជាច្រើននាក់។ នេះជាប្រសាសន៍ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។ 

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បន្តថា ៖ ក្នុងគ្រានេះ អ្វីដែលចាំបាច់បំផុត គឺសូមអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ជួយសម្របសម្រួលតាមស្ថានភាពចាំបាច់ និងសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានការយកចិត្តទុកដាក់ខ្ពស់បំផុត។ 

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងថា ៖ ខ្ញុំសូមជូនពរបងប្អូនដែលរងគ្រោះទាំងអស់ សូមឆាប់បានធូរស្រាល និងឆាប់បានជាសះស្បើយក្នុងរយៈពេលដ៏ខ្លី។

សូមបញ្ជាក់ថា ៖ ព័ត៌មានលម្អិតជុំវិញហេតុករណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើររបួសមនុស្ស​៤៦នាក់​ ក្នុង​នោះ​ស្រី​២៥​នាក់​បាន​រង​របួសស្រាល៤១នាក់ របួសធ្ងន់៥នាក់។ ហេតុការណ៍​ដ៏រន្ធត់​នេះ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវដែក​ត្រង់​ចំណុច​ផ្លូវ​ទៅ​រម​​​​​ណីយ​ដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង ស្ថិត​ក្នុង​​​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ ៕

ដោយ ៖ សិលា


ចែករំលែក៖