ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនអភិបាលរងស្រុកកំពង់លែងម្នាក់ និងបុគ្គល២រូបទៀតទៅតុលាការខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៩ហិកតា ដែលជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
បើតាមលោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឱ្យដឹងថា ៖ ជនសង្ស័យ ៣រូប ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ រួមមាន៖
១៖ ឈ្មោះ ពុំ សុផល ភេទ ប្រុស អាយុ ៥៩ឆ្នាំ មុខរបរ អភិបាលរងស្រុកកំពង់លែង ២៖ ឈ្មោះ លឹម ដានីន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង ៣៖ ឈ្មោះ ជួន តុំ ភេទ ប្រុស អាយុ ៥៣ឆ្នាំ មុខរបរម្ចាស់សិប្បកម្មផលិតទឹកកកត្រពាំងពេជ្រ ដែលបានយកព្រៃលិចទឹកទំហំ៩ហិចតា ដែលជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ដែលត្រូវការពារដោយច្បាប់ ដើម្បីឈួសឆាយមកធ្វើជាកម្មសិទ្ធិឲ្យទាន់ពេល ដែលរាជរដ្ឋាភិបាលនឹងធ្វើការវាស់វែងកាត់ឆ្វៀល សម្រាប់ប្រជាពលរដ្ឋដែលបានអាស្រ័យផលពិតប្រាកដ។
អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ៖ ដើម្បីដំណើរការគៃបំបាត់ដីរដ្ឋនេះ ជនសង្ស័យខាងលើបានប្រើប្រាស់ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែលធាតុពិតដីនេះមិនដែលមានការអាស្រ័យផលឡើយ ហើយគ្រាន់តែបានលិខិតទិញលក់ភ្លាម ពួកគេបានដាក់ត្រាក់ទ័រចំនួន៥គ្រឿង ចូលឈួសឆាយតែម្តង ដោយក្នុងគោលបំណងធ្វើការឈួសឆាយឲ្យបានរួចរាល់ក្នុងរយៈពេលតែមួយថ្ងៃ តែដោយមានឧបសគ្គដោយតំបន់នោះមានព្រៃលិចទឹកដែលមានទំហំធំៗ ដូចនេះការឈួសឆាយសម្រេចបានត្រឹមទំហំ៤ហិចតា នៃផ្ទៃដី៩ហិចតា។ ការឈួសឆាយក្នុងថ្ងៃទី២ ក៏ត្រូវបែកការណ៍ រហូតដល់មានមន្រ្តីជលផលស្រុកកំពង់លែង ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះទៅឃាត់ និងរាយការណ៍ដល់ថ្នាក់ខេត្ត ព្រមទាំងរៀបចំកសាងសំណុំរឿង ប៉ុន្តែដោយបទល្មើសនេះមានជាប់ពាក់ពន្ធ័និងបញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ រដ្ឋបាលជលផលស្រុកកំពង់លែងក៏បានផ្ទេរសំណុំរឿងនេះមក អង្គភាព ACU
អង្គភាពបានធ្វើការស៊ើបអង្កេត ប្រមូលភស្តុតាង ធ្វើកំណត់ហេតុ ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី (សរុប១៥នាក់) ហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ និងបានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័បទល្មើសចំនួនពីរ (បញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់) និង (បញ្ញត្តិមាត្រា៩៨ ចំនុចទី១ នៃច្បាប់ស្តីពីជលផល)។
អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ៖ ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តិផ្ទាល់ ដោយមានការសម្របសម្រួលឲ្យមានការឈួស ឆាយ កាប់ឆ្ការដីព្រៃលិចទឹកនេះ នៅចំនុចតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយឈ្មោះ ពុំ សុផល (មាត្រា២៩ និយមន័យនៃអ្នកសមគំនិត)។
សូមបញ្ជាក់ថា ៖ សម្តេចមហាមវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានព្រមានខ្លាំងៗ រហូតឈានដល់ការដកហូតតំណែងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ប្រសិនបើរកឃើញមានការជាប់ពាក់ព័ន្ធជាមួយសកម្មភាពទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅតាមមូលដ្ឋាននានា។
ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ៖ រាជរដ្ឋាភិបាលនីតិកាលថ្មី ក៏មិនខុសពីនីតិកាលចាស់នោះទេ ពោលនៅតែបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់ ក្នុងការទៅទន្ទ្រានដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិបែបនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ទៅលើអ្នកបំពាន សូមឲ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឲ្យមានការពាក់ព័ន្ធទៅលើកិច្ចការងារនេះ ព្រោះត្រូវប្រឈមជាមួយវិធានការអនុវត្តច្បាប់ ហើយអាចឈានទៅដល់ការបញ្ចប់តួនាទី ឬការដកក្របខ័ណ្ឌចេញ ប្រសិនមានការប្រព្រឹត្តធ្ងន់ធ្ងរដោយមិនលើកលែង។ សូមរួមគ្នាថែរក្សា និងអនុវត្តច្បាប់យ៉ាងបានម៉ឺងម៉ា ត់ចំពោះអ្នកប្រព្រឹត្តខុសអត់លើកលែងទេ»។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ការទទួលខុសត្រូវ លើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ គឺត្រូវធ្វើតាមឋានានុក្រម ហើយការទទួលខុសត្រូវក៏ធ្វើតាមឋានានុក្រមដូចគ្នាដែរ ព្រោះសិទ្ធិអំណាចថ្នាក់ជាតិ បានប្រគល់ជូនថ្នាក់ក្រោមជាតិរួចរាល់ហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ គណៈអភិបាលក្រុង ស្រុក គឺជាមេទ័ពជួរមុខដ៏សំខាន់ក្នុងការទប់ស្កាត់។ កន្លងមកសម្ដេចមើលឃើញថា រាល់ប្រតិបត្តិការបង្ក្រាប គឺសុទ្ធតែកម្លាំងមកពីថ្នាក់ជាតិ ដែលជាក់ស្ដែងសប្ដាហ៍កន្លងទៅនេះ សម្ដេចទើបបញ្ជាឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីដឹកនាំកម្លាំងធ្វើសកម្មភាព។
ប៉ុន្ដែត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការថ្មី ដោយប្រគល់ការទទួលខុសត្រូវលើការងារបង្ការ ទប់ស្កាត់បទល្មើសនេះ ទៅគណៈអភិបាលក្រុង ស្រុក តែម្ដង ហើយប្រសិនបើអនុវត្តមិនមានប្រសិទ្ធភាពទេនោះ សម្ដេចនឹងពិចារណាក្នុងការផ្លាស់ប្ដូរ ឬតែងតាំងថ្មីអភិបាលក្រុង ស្រុក នៅតំបន់ដែលក្ដៅខ្លាំង។
សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា ក្នុងចំណោមស្រុក ក្រុង ទាំង២០៩នៅទូទាំងប្រទេស មានប្រហែល១០ក្រុង ស្រុកប៉ុណ្ណោះ ដែលជាតំបន់ក្ដៅខ្លាំងក្នុងការទន្ទ្រានដីព្រៃដោយខុសច្បាប់នេះ។ សម្ដេចគូសបញ្ជាក់ថា មានសេនារីយោពីរ ដែលកន្លងមកអភិបាលក្រុង ស្រុក អនុវត្តមិនជោគជ័យ គឺមិនសូវសកម្ម និងសកម្មដែរតែគីឡូមិនគ្រប់ ឬអ្នកដែលមកទន្ទ្រានមានឥទ្ធិពលជាង។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់បែបនេះថា «បញ្ហានេះជាតំបន់ក្ដៅ មុខព្រួញក្ដៅ ត្រូវរើសមេទ័ពដែលខ្លាំង មេទ័ពដែលអារកាត់ មេទ័ពដែលអាចដឹកនាំ។ អ៊ីចឹងនៅតំបន់ក្ដៅដាច់ខាតត្រូវការតែងតាំង ផ្លាស់ប្ដូរថែមទៀត ត្រូវគិតគូរអំពីប្រសិទ្ធភាពនៃការដោះស្រាយបញ្ហា។ នៅតាមបណ្ដាតំបន់ក្ដៅ ដែលត្រូវមើលបើកន្លែងហ្នឹងរឿងដដែលៗ ត្រូវពិនិត្យយន្ដការនៃការអនុវត្ត ជាពិសេសមេទ័ពតែម្ដង (អភិបាលក្រុង ស្រុក)។ ការតែងតាំង ឬការផ្លាស់ប្ដូរត្រូវធ្វើទៅតាមពេលវេលាដែលចាំបាច់ តាមស្ថានភាព និងតម្រូវការចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាព និងកាតព្វកិច្ចរបស់យើង»៕
ដោយ ៖ សិលា