ខេត្តស្វាយរៀង៖ លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលប្រជុំ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។
ក្នុងឱកាសនោះមានការចូលរួមពីសំណាក់លោក សឹម សុខព្រី អនុរដ្ឋលេខាធិការ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោក អភិបាល នៃគណៈអភិបាលខេត្ត លោក សំ នីតូ ប្រធានមន្ទីរ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ៨៧រូប ស្រី ២៣រូប។
ក្នុងឱកាសនោះលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងសូមការកោតសរសើរដ៏ស្មោះ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់ ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ចំណេះដឹង និងជំនាញ ក្នុងការចូលរួមចំណែកបំពេញការងារនា ពេលកន្លងមករបស់ ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូពាក់ព័ន្ធនានា រដ្ឋបាលក្រុង/ ស្រុក រដ្ឋបាលឃុំ/សង្កាត់ និងមេភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឲ្យសម្រេចបានជោគជ័យតាម ផែនការដែលបានដាក់ចេញកន្លងមកនេះ។
លោក បណ្ឌិត បានបន្តថា កត្តាដែលជោគជ័យទៅ បាននេះគឺដោយសារមានមន្ទីរអភិវឌ្ឍន៍ជនបទជាសេនាធិការជួយតាមដាន និងជំរុញការអនុវត្តផែនការ ការ ផ្សព្វផ្សាយសកម្មភាពការងារកន្លងទៅ នៅតាមភូមិ ឃុំសង្កាត់ របស់ក្រុងស្រុកទាំង០៨។
ពិសេសស្របតាម និងចូលរួមអនុវត្តឲ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ និងបន្តចូលរួមគាំទ្រយ៉ាង សកម្មអនុវត្តនូវយុទ្ធសាស្ត្របច្ចុកោណ ដំណាក់កាលទី១ ឆ្នាំ២០២៤-២០២៨ ដឹកនាំដោយ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧។
ការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ត្រូវបានរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ (NSP) ផែនការសកម្មភាពជាតិ (NAP) និង ផែនការសកម្មភាពខេត្ត (PAP) ធ្វើយ៉ាងណាដើម្បីសម្រេចឲ្យបានតាមគោលដៅអភិវឌ្ឍន៍សហស្សវត្យកម្ពុជា ក្នុងឆ្នាំ២០២៥ ពោលគឺ “ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ មានលទ្ឋភាពទទួលបាននូវសេវាផ្គត់ ផ្គង់ទឹកស្អាត និងការរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ល្អប្រកបដោយនិរន្តរភាព”។
ក្នុងនោះផងដែរ លោក សឹម សុខព្រី បានអាននូវលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១៣ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ព្រមទាំងការផ្តាំផ្ញើសួរសុខទុក្ខពីលោករដ្ឋមន្ត្រី នូវក្តីនឹករលឹក និងការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ ជូនដល់ លោក លោកស្រីដែលមានវត្តមានក្នុងអង្គប្រជុំ។
បន្ទាប់មក លោកក៏បានផ្តល់ជាអនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរួមមានដូចតទៅ៖មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌផ្លូវទាំង៤ប្រភេទ។
មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំធ្វើបញ្ជីផ្លូវ ដែលត្រូវជួសជុលបន្ទាន់ថែទាំខួប និងថែទាំប្រចាំផ្ញើជូនក្រសួង។
មន្ទីរអភិវឌ្ឍន៍ជនបទត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង។
មន្ទីរអភិវឌ្ឍន៍ជនបទត្រូវស្រង់ទិន្នន័យការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទដើម្បីសម្រេចឱ្យបានអត្រាគ្របដណ្ដប់ទូទាំងប្រទេស ១០០% នៅឆ្នាំ២០៣០។មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំផែនការកំណត់ទីតាំងគោលដៅសម្រាប់ជ្រើសរើសភូមិគំរូ និងចុះស្រាវជ្រាវទិន្នន័យភូមិ ដែលជាភូមិអាទិភាពក្នុងខេត្ត។បន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងកសាងសមិទ្ធផលថ្មីៗ បន្ថែមទៀត ៕
ដោយ៖ សុថាន