ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់បើកម៉ូតូគេចពីក្រុមក្មេងស្ទាវដេញកាប់ជ្រុលទៅបុកខឿនផ្លូវបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវបានក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញកាប់ពីក្រោយ ភ័យក៏ជិះម៉ូតូរត់គេចជ្រុលទៅបុកខឿនផ្លូវ បណ្តាលឲ្យដួលបោកក្បាស្លាប់ម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៣និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមេសាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ណាង អាយុជាង២០ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំផ្សារព្រៃទារ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីបុរសម្នាក់ត្រូវជាមិត្តភក្កិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុដោយខ្លួននិងបុរសរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ 1V-1967 ឌុបគ្នាចេញពីក្លឹបកម្សាន្តមួយកន្លែងម្តុំផ្លូវវ៉េងស្រេង រួចក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ខណៈជិះចេញពីក្លឹបមិនទាន់បានប៉ុន្មានផង ស្រាប់តែមានក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវ និងកាំបិត បានជិះប្រដេញកាប់តាមពីក្រោយពីផ្លូវវេងស្រេង ធ្វើឲ្យខ្លួននិងមិត្តភក្កិជិះរត់គេចរហូតមកដល់បណ្តោយផ្លូវ វិមានឈ្នះឈ្នះ ខណៈមកដល់ចំណុចកើតហេតុ ក៏បានដួលម៉ូតូជ្រុសបុកខឿនផ្លូវបណ្តាលឲ្យស្លាប់ម្នាក់ នឹងរងរបួសធ្ងន់ម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុក ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំទាក់ទងសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖