ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ លោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានអញ្ជើញចុះជួប និងនាំប្រសាសន៍សួរសុខទុក្ខ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ និងជាអតីតវីរសិល្បករឆ្នើមក្នុងទសវត្សឆ្នាំ១៩៦០ និងឆ្នាំ១៩៧០។

ជានិច្ចកាល លោកស្រី បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី តែងតែគិតគូរ យកចិត្តទុកដាក់ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ រួមទាំងមន្ត្រីចូលនិវត្តន៍ វីរសិល្បករជើងចាស់ ព្រឹទ្ធាចារ្យមានជំនាញក្នុងវិស័យសិល្បៈគ្រប់ទម្រង់ ដោយលះបង់ពេលវេលា ជម្នះភាពនឿយហត់ និងចំណាយធនធានថវិកាអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ លើកទឹកចិត្ត និងរកគ្រប់វិធីសាស្ត្រដោះស្រាយនូវបញ្ហាដែលជាការលំបាកនានាជូនដល់មន្ត្រីចាស់ៗ និងសិល្បករសិល្បការិនីជំនាន់មុនជាដើម។

សូមបញ្ជាក់ជូនដែរថា ក្នុងតួនាទីជារដ្ឋមន្ត្រី អ្នកអង្គម្ចាស់បានលះបង់កម្លាំងកាយចិត្ត បញ្ញាញាណ ស្មារតីស្រឡាញ់និងបម្រើប្រទេសជាតិ ជាពិសេសក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដែលរក្សាបាននូវដួងព្រលឹងរបស់បុព្វបុរសខ្មែរ អត្តសញ្ញាណជាតិដ៏ល្អផូរផង់ និងបានថែរក្សា អភិរក្ស អភិវឌ្ឍវិស័យសិល្បៈឱ្យមានការរីកចម្រើន។

អ្នកអង្គម្ចាស់ក៏ជាអ្នកចម្រៀងដែលមានឈ្មោះបោះសំឡេង មួយរូបកាលពីអំឡុងទសវត្ស ឆ្នាំ ១៩៦០ និងឆ្នាំ១៩៧០។ ក្រៅពីជាអ្នកចម្រៀង អ្នកអង្គម្ចាស់ក៏ជាតន្រ្តីករហ្គីតាផងដែរ។ អ្នកអង្គម្ចាស់បាននិពន្ធបទចម្រៀងដូចជាបទ “អានី” “បាត់អូន” “សម្ពាយកម្ម” និង “សោភ័ណមាសបង” ជាដើម។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ យើងខ្ញុំសូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក សូមតាមជួយថែរក្សា អភិបាល ប្រោះព្រំ ប្រសិទ្ធពរជ័យជូន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ ព្រមទាំងក្រុមគ្រួសារ សូមបានជួបតែសេចក្តីសុខ សុភមង្គល វិបុលសុខគ្រប់ប្រការ ប្រាជ្ញាវាងវៃ អាយុយឺនយូរ និងសូមប្រកបតែពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖