ខេត្តព្រះសីហនុ៖ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ការចែកចាយឬជួញដូរគ្រឿងញៀនដែលជនល្មេីសតែងតែប្រើប្រាស់រូបភាពបន្លំភ្នែកកម្លាំងសមត្ថកិច្ច កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តដាក់គោលដៅចុះអនុវត្តឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ជាក់ស្ដែងយោងតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃ១០ ខែមេសា ឆ្នាំ២០២៤នេះថា លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ជារៀងរាល់យប់ បានចាត់ឱ្យលោកវរសេនីយ៍ឯក ជិន ឈូន នាយការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ដឹកនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ដោយឡែកជារៀងរាល់ថ្ងៃ លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំង សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងកម្លាំងមន្ទីរសាធារណការខេត្ត បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ ជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណេីរ ត្រូវមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ផ្លូវគោក បេីកបរប្រកបដោយសុវត្ថិភាព នារដូវបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ នៅបេនឡានមហោស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខិតប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក សៀវភៅកំណត់ល្បឿន និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ផ្លវគោកទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ៕
ដោយ៖តារា