ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតថ្វាយព្រះពររបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មានក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវមនោសញ្ចេតនារីករាយ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ បំផុតចំពោះព្រះគុណបំណាច់ដ៏ធំធេងរបស់ព្រះអង្គក្នុងព្រះរាជកិច្ចបំពេញបេសកកម្ម ដ៏មហាបវរត្រចះត្រចង់ និងប្តូរផ្តាច់បម្រើឧត្តមប្រយោជនន៍ជូន ជាតិ សាសនា ព្រះមហាក្សត្រ និងសូមក្រាបបង្គំថ្វាយនូវព្រះសព្ទ សាធុការ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខ។

ឆ្លៀតក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជា នុញ្ញាតថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ និងសូមលើក ហត្ថទាំងទ្វេប្រណមឧទ្ទិសបួងសួងដល់ព្រះគុណបុណ្យបារមី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហា ស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមមេត្តាជួយប្រោះព្រំ ថ្វាយចំពោះ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមបានប្រកបដោយ ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន និងព្រះរាជជន្មាយុយឺនយូរ ដើម្បីគង់នៅប្រថាប់ជាម្លប់ដ៏ត្រជាក់ និងអភិបាលក្នុងព្រះបរមរាជសម្បត្តិជាយូរអង្វែងតរៀងទៅ។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវព្រះគុណូបការៈ ការប្តេជ្ញាចិត្តដ៏មោះមុត និងស្វាមីភក្តិឥតងាករេដង្ហែតាម ព្រះរាជកិច្ចដ៏ថ្លៃថ្លា ព្រះរាជបញ្ញាញាណដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីចូលរួមបំពេញបេសកកម្មដ៏មហាបវរត្រចះត្រចង់ និងប្តូរផ្តាច់បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។

សូមក្រាបថ្វាយបង្គំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ទ្រង់ព្រះមេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងគារវភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំ ទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖