ភ្នំពេញ ៖ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល ៤ថ្ងៃ បងប្អូនប្រជាពលរដ្ឋបានចាកចេញពីស្រុកកំណើត និងរមណីយដ្ឋានទេសចរណ៍នានា ធ្វើដំណើរត្រឡប់មកកាន់គេហដ្ឋានវិញ។
យ៉ាងណាម៉ិញ ខ្ញុំសូមជូនពរដល់បងប្អូន លោកតាលោកយាយ អ៊ំពូមីង បងប្អូន ក៏ដូចជាមិត្តភក្តិបរទេសដែលបានមកលេងកំសាន្តនៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ទទួលបាននូវសុខសុវត្ថិភាពគ្រប់ៗគ្នា។ នេះជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានបន្តថា ៖ ជាមួយគ្នានេះដែរ សូមបងប្អូនដែលធ្វើដំណើរតាមដងផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ និងមានអធ្យាស្រ័យខ្ពស់ដើម្បីសណ្តាប់ធ្នាប់ និងសុវត្ថិភាពទាំងអស់គ្នា។
លោកថ្លែងថា ៖ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការរៀបចំ «សង្រ្កាន្ត» តាមបណ្តារាជធានី-ខេត្ត រាប់ចាប់តាំងពីការងារតុបតែង តម្លើង ដឹកនាំកម្មវិធី រហូតដល់ការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុខសុវត្ថិភាព បង្ករលក្ខណៈដល់ បងប្អូន បានលេងកំសាន្ត ដែលបានញ៊ាំងឱ្យការប្រារព្ធ«សង្រ្កាន្តឆ្នាំថ្មី»នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងពោពេញដោយស្នាមញញឹម ។
សារជាថ្មីម្តងទៀត ខ្ញុំបាទសូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់រថយន្តក្រុងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីតាមបណ្តាខេត្ត ត្រលប់មកកាន់រាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃ ៕
ដោយ ៖ សិលា