ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សាកលវិទ្យាល័យការពារជាតិបានដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា  ៖ នាយទាហាន នាយទាហានរង និងពលទាហាននៃសាកលវិទ្យាល័យការពារជាតិបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យសាកលវិទ្យាល័យនេះសក្ដិសមជាគ្រឹះស្ថានឧត្តមសិក្សា និងបានដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ សាកលវិទ្យាល័យនេះក៏បានអភិវឌ្ឍសមត្ថភាពកងទ័ព ទាំងខាងចំណេះដឹង ស្មារតី ឆន្ទៈ មនសិកាស្នេហាជាតិ ជំរុញដល់ការទទួលយកបរិវត្តកម្មឌីជីថលដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា វិទ្យាសាស្រ្តសម័យទំនើប នវានុវត្តន៍យោធាក្នុងតំបន់និងលើសកលលោក ដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤នៅសាកលវិទ្យាល័យការពារជាតិ» នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ ការកសាងនូវ សមិទ្ធផលនានានៅក្នុងសាកលវិទ្យាល័យការពារជាតិ គឺជាសេនាធិការមួយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់ និងលើកកម្ពស់សមត្ថិភាពបន្ថែមទៀត ក្នុងវិស័យការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ កិច្ចការពារជាតិ គឺត្រូវតែលើកកម្ពស់ជាប្រចាំ ក្នុងនោះត្រូវតែមានសមត្ថភាព និងគុណភាព ពោលគឺត្រូវមានការ បណ្តុះបណ្តាល និងហ្វឹកហ្វឺនជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យវិស័យការពារជាតិកាន់តែរីកចម្រើនទៅមុខជានិច្ច។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ៖ កិច្ចការពារជាតិនៅតែជាកាតព្វកិច្ចដ៏សំខាន់បំផុតក្នុងខឿនការពារជាតិ ដូច្នេះនាយទាហានពលទាហានទាំងអស់ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព តាមរយៈបណ្ដុះបណ្ដាល និងការហ្វឹកហ្វឺនជាប់ប្រចាំ ៕

ដោយ ៖ សិលា


ចែករំលែក៖