ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរថយន្តបុកគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនបរទេសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីរថយន្តបុកគ្នានៅលើផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រ៩១-៩២ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤។

    មុនកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក LEXUS RX330ពាក់ស្លាកលេខភ្នំពេញ2AQ-6610 ពណ៌ប្រផេះ បេីកបរដោយឈ្មោះ អ៊ុក សុខេមរា ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិកណ្ដៀង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ មានអ្នករួមដំណើរម្នាក់ឈ្មោះ WANG YUNGIAN ភេទប្រុស អាយុ ១៩ឆ្នាំ(ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE7926873) ស្នាក់នៅបច្ចុប្បន្នខេត្តព្រះសីហនុ បើកបរពីទិសខាងលិចទៅទិសខាងកើត ។

លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត១គ្រឿងម៉ាក HINO  ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3C-3606  សណ្តោងរឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 4A-1418 បេីកបរដោយឈ្មោះ អុិន ថេម ភេទប្រុស រស់នៅភូមិស្រយ៉ូវជើង  សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

   សមត្ថកិច្ចបានទៀតថា ខណះដែលរថយន្តបើកបរស្របទិសគ្នាបានបុករថយន្តធុនធំពេញទំហឹងបណ្តាលឱ្យជនរងគ្រោះជាជនជាតិចិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែកអ្នកបើកបររបួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។

    ក្រោយកើតហេតុមន្ត្រីជំនាញបានយកសពទៅរក្សាទុកនៅទូរក្សាសាកសពនៅវត្តស្ទឹងមានជ័យ ដើម្បីបំពេញនីតិវិធីនិងរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។ ចំពោះអ្នកបើកបររថយន្តHINO ឈ្មោះអុិន ថេម  បាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ពេលសាកសួរចប់បានឱ្យវិលត្រឡប់ទៅផ្ទះវិញ។

    វត្ថុតាងទាំងពីរគ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖