ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បើធៀបនឹងឆ្នាំមុន បញ្ហាអសន្តិសុខក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ថយចុះ៣០%

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំនេះ បានរៀបចំឡើងយ៉ាងល្អ នៅគ្រប់រាជធានី/ខេត្ត ក្រុង/ស្រុក សាលារៀន វត្តអារាម ព្រមទាំងទីកន្លែងសាធារណៈនានា ដោយប្រជាពលរដ្ឋបានលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយដល់ប្រជាពលរដ្ឋ។ ហើយចំពោះបញ្ហាអសន្តិសុខវិញ មានបាតុភាពអវិជ្ជ និងការបង្កហិង្សាតិចតួច ខណៈបទល្មើសនានាមានការថយចុះច្រើន បើធៀបនឹងឆ្នាំមុន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ បាតុភាពអវិជ្ជមានដូចជាការឈ្លោះទាស់ទែងគ្នា ការប្រវ៉ាយប្រតប់គ្នា កើតមានតិចតួច ពោលគឺបានថយចុះ ៣០% បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ព្រោះការលេងកំសាន្តឆ្នាំនេះ មានការគោរពគ្នាទៅវិញទៅមក ដែលជាស្មារតីនៃការអបអរសាទររបស់ប្រជាជាតិខ្មែរយើងសម្រាប់បុណ្យចូលឆ្នាំថ្មី។

ជាមួយគ្នានោះផងដែរ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់សាលារាជធានីភ្នំពេញដែលបានរៀបចំរថយន្ដក្រុង ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិនិងក្រោមជាតិ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូបផងដែរ ដែលបានរួមសហការគ្នារៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរបានយ៉ាងល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ មេសា ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធអគារសហសិក្សាអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ។ 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានកត្តា៦ ដែលផ្តល់ឱ្យប្រជាពលរដ្ឋ បានដើរលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ កត្តាទាំងនោះរួមមាន៖ 

ទី១- កត្តាសុខសន្តិភាព ប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយពីប្រជាធិបតេយ្យ និយាយពីសិទ្ធិមនុស្ស និយាយមិនកើតទេបើគ្មានសន្តិភាព។ កាលពី ៤៧ ឆ្នាំមុន បើនិយាយពីនៅថ្ងៃ១៧ ខែមេសាឆ្នាំ១៩៧៥ ប្រជាជនសំរុកចេញពីទីក្រុង ឯ ៤៨ឆ្នាំក្រោយ ប្រជាជនសំរុកចូលទីក្រុងភ្នំពេញវិញ ក្រោយត្រឡប់ពីការដើរកំសាន្តសប្បាយ នៅតាមបណ្ដាខេត្តនានា ។ បើគ្មានសន្តិភាព គ្មានភាពសុខសប្បាយណាកើតឡើងបានទេ ដូច្នេះទើបយើងត្រូវខិតខំថែរក្សាសន្តិភាពនេះ ឱ្យបានបើទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ។

ទី២- ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ មានស្ពាន ងាយស្រួលធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ដោយយើងធ្លាប់ឆ្លងសាឡាងជាច្រើនកន្លែងតែឥឡូវ យើងមានស្ពានភ្ជាប់តំបន់ទាំងនោះតាមរយៈការអភិវឌ្ឍ។

ទី៣- មធ្យោបាយធ្វើដំណើរកាន់តែច្រើន ប្រជាពលរដ្ឋមានមធ្យោបាយខ្លួនឯង មានឡាន មានម៉ូតូ ក្រៅពីនោះ ក៏មានរថយន្តឈ្នួល រថយន្តតាក់ស៊ី អាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយងាយស្រួល អាចនាំឱ្យពលរដ្ឋស្គាល់គ្រប់ទីកន្លែងនៃប្រទេសរបស់ខ្លួន។

ទី៤- ប្រាក់ចំណូល បើទោះបីជាជំងឺកូវីដ-១៩ បានវាយប្រហារ តែប្រាក់ចំណូល របស់ប្រជាពលរដ្ឋ ធ្វើក៏នៅតែរកបានដើម្បីកំសាន្តសប្បាយក្នុងពេលចូលឆ្នាំ ទោះបីមិនទាំងអស់ក៏ដោយ ហើយប្រាក់ចំណូលឆ្នាំនេះត្រូវបានផ្ទេរពីវណ្ណៈកណ្ដាល ទៅកាន់ប្រជាពលរដ្ឋក្រីក្រនៅជនបទ ។ តាមរយៈការដើរកំសាន្ត ទិញសម្ភារៈប្រើប្រាស់ ទិញចំណីអាហារបរិភោគ ធ្វើឱ្យចរន្តសេដ្ឋកិច្ចវិល។

ទី៥- ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មីៗ ការបង្កើតឡើងនូវសហគមន៍ទេសចរណ៍នានា ដោយក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ដែលហៅថា ទេសចរណ៍ផ្សារ និងការស្រឡាញ់ទឹកដី  ។

ទី៦- ភាពស៊ាំសហគមន៍ ដែលចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាជនទៅលើបញ្ហាការចាក់វ៉ាក់សាំង ។ កម្ពុជាត្រូវបានគេមានកង្វល់ថាជាប្រទេសប្រព័ន្ធសុខាភិបាលទន់ខ្សោយ បញ្ហានៅទីនេះមិនមែនស្ថិតនៅលើប្រទេស ដែលមានវិស័យសុខាភិបាលទន់ខ្សោយនោះទេ ប៉ុន្តែស្ថិតនៅលើវិធានការការពារ និងការចូលរួមរបស់ប្រជាជន ដែលបច្ចុប្បន្នកម្ពុជាមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ តិចជាងគេបំផុតនៅតំបន់អាស៊ាន។

សម្តចតេជោ ហ៊ុន សែនបានបញ្ជាក់ថា បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ នោះកាតព្វកិច្ជពាក់ម៉ាសនឹងមិនចាំបាច់ទៀតទេ តែសម្តេចក៏នៅតែសូមអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តទទួលយកដូសជំរុញទី៣ ឬដូស ទី៤ ដែលរៀបចំដោយអាជ្ញាធរ និងក្រសួងសុខាភិបាល៕

ដោយ ៖ សិលា


ចែករំលែក៖