ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក  វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាមានិតចិន ។ 

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក វ៉ាង យី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេល វេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំង បានពាំនាំនូវការសួរសុខទុក្ខពី លោក ប្រធានាធិបតី ស៊ី ជីនពីង និង លោកនាយករដ្ឋមន្ត្រី លី ឈាង ជូន ចំពោះ សម្តេចធិបតី និងអបអរសាទរចំពោះកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបាន ប្រារព្ធទៅនាពេលថ្មីៗកន្លងទៅនេះ។ លោករដ្ឋមន្ត្រី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធនិងស្មោះត្រង់ និងបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលរដ្ឋាភិបាល ទាំងពីរបានអនុវត្តនូវកិច្ចសហប្រត្តិការបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហ ប្រតិបត្តិការនេះបានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ព្រមជាមួយគ្នានេះ ឯកឧត្តមបាន លើកឡើងថា តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ កាន់តែមានសារៈសំខាន់។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេចធិបតី នៅសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងទៅ បានឆ្លុះ បញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែម ទៀត ហើយឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហ ប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមាន ដំណើរការកាន់តែរឹងមាំ។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ លោក រដ្ឋមន្ត្រី វ៉ាង ប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជាឱ្យមានការរីកចម្រើន។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ លឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់ កំណើនសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។ តាមរយៈការ កំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថា រំហូរ វិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី និង លោករដ្ឋមន្ត្រី វ៉ាង យី បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមាន ស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដោយក្នុងនោះឯកឧត្តម វ៉ាង យី បានបញ្ជាក់ថា ភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេឱ្យបានឆាប់ ដើម្បីឱ្យ កិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្គរ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា ផងដែរ។ ព្រមជាមួយគ្នានេះដែរ សម្តេចធិបតី បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋ ប្រជាមានិតចិន និងគណៈប្រតិភូឱ្យទទួលបានជោគជ័យក្នុងដំណើរបេសកកម្មនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព៕

ដោយ ៖ សិលា


ចែករំលែក៖