ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរួម ស្តីពីដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស, និងជារដ្ឋមន្ត្រី ការបរទេស បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក វ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, និងជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ លោក វ៉ាង យី ក៏បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី ៧ ជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងបានអញ្ជើញជួប ប្រជុំទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ផងដែរ។
ភាគីទាំងពីរបានឯកភាពគ្នាថាកម្ពុជា និងចិន គឺជាមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក។ ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ
និងជាក់ស្តែង, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្គរ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពធ្វើអានុភាវូបនីយកម្មតួនាទីសម្របសម្រួលរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់, និងស្តង់ដារខ្ពស់ ព្រមទាំងរួមគ្នាជំរុញពហុភាគីនិយម និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍រួមប្រកបដោយសេរី, បើកចំហ, សមភាព និងបរិយាបន្ន។
ភាគីចិនបានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ដែលស្រប នឹងលក្ខខណ្ឌជាតិ, គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាពជាតិ, សន្តិសុខ, និងផលប្រយោជន៍នៃការអភិវឌ្ឍ ផ្ទៃក្នុងរបស់កម្ពុជា។ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការ ភាគីកម្ពុជាក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយ ចិនតែមួយ និងទទួលស្គាល់ថាសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យ ប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ប្រទេសចិន។ កម្ពុជា ប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន, ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់, គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ, និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការលើកកម្ពស់ការចូលរួមកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ ប្តូរការងារស្តីពីអភិបាលកិច្ច។ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ, បន្តធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាមានជាអាទិ៍សេវាសុខាភិបាល និងភស្តុភារកម្ម, ការបណ្តុះបណ្តាលបុគ្គលិក និងការបោសសម្អាតមីន, ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត, ការក្លែងបន្លំតាមទូរគមនាគមន៍, និងការជួញដូរគ្រឿងញៀន។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្សំគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោ ដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅ, ពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា, ជំរុញការរៀបចំផែនការគោល និងការរៀបចំផ្លូវដែកកម្ពុជា-ចិន, និងផ្តល់មជ្ឍ មណ្ឌលធ្វើនិទស្សន៍កសិកម្មចិន និងគម្រោងប្រមូលផលដើមដៃផ្សេងទៀតនៃច្រករបៀងមច្ឆា និងអង្ករ និងធ្វើ ឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ ភាគីទាំងពីរ នឹងធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់, ជំរុញ ការនាំចូលផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសចិន, និងលើកទឹកចិត្តឱ្យធុរជនចិនមកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន។
ភាគីទាំងពីរបានឯកភាពក្នុងការឆ្លៀតចាប់យកកាលានុវត្តភាពនៃ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ, បង្កើនជើងហោះហើរទ្វេទិសប្រកបដោយ សណ្តាប់ធ្នាប់, គាំទ្រកម្ពុជាក្នុងការប្រើប្រាស់ឱ្យអស់ពីសក្តានុពលនៃធនធានទេសចរណ៍ និងធនធានរបស់ ខ្លួន, និងដាក់ចេញបន្ថែមនូវការផ្លាស់ប្តូររវាងយុវជន, ប្រជាជនមូលដ្ឋាន និងក្រុមមិត្តភាព។ ទន្ទឹមនេះ កម្ពុជា នឹងគាំទ្រដល់ការបើកដំណើរការឡើងវិញនូវមជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជា។
ភាគីទាំងពីរបានបានបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្រោម ក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល, គំនិតផ្តួចផ្តើមសន្តិសុខសកល, និងគំនិតផ្តួចផ្តើមអារ្យធម៌ សកល, ព្រមទាំងបង្កើនការសម្របសម្រួលបន្ថែមទៀតនៅក្នុងវេទិកានានាដូចជា៖ កិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ភាគីទាំងពីរបានឯកភាពក្នុងការបម្រើផលប្រយោជន៍រួម របស់ប្រទេសក្នុងតំបន់ដើម្បីការពារសន្តិភាព និងស្ថិរភាពដែលរកបានដោយលំបាក និងជំរុញការអភិវឌ្ឍ និង វិបុលភាពនៅក្នុងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការអនុវត្តយ៉ាងពេញលេញ និង ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) សម្រាប់ការសន្និដ្ឋានជា ជំហានដំបូង។
ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមានហេដ្ឋារចនាសម្ព័ន្ធ, អធិការកិច្ច, និងចត្តាឡីស័ក។ ភាគីទាំងពីរបានចូលរួមពិធីប្រកាស និងផ្សព្វផ្សាយសៀវភៅស្តីពីប្រពៃណីរបស់កម្ពុជាជាខេមរភាសា ដែលបានបកប្រែពីភាសាចិន និងពិធីសម្ពោធការនាំចេញផ្លែដូងស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន៕
ដោយ ៖ សិលា