ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី ក.ប.ប. ចុះត្រួតពិនិត្យអនុលោមភាពទំនិញលើទីផ្សារក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ មន្រ្តីជំនាញ​តែងតែចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ និងគ្រប់ទីតាំងផលិត លក់ និងចែកចាយ ដើម្បីធានាការពារផលប្រយោជន៍អ្នកប្រើប្រាស់ សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ពិេសសធានានិរន្តភាពនៃការប្រកួតប្រជែងលើទីផ្សារ។ 

ជាក់ស្ដែង​សាខា ក.ប.ប. ខេត្តកែប ខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមេសាម្សិលមិញ​ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ស្របតាមតួនាទីនិងភារកិច្ចដែលផ្តល់ដោយច្បាប់ ចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទលើទីផ្សារ ជាពិសេសទំនិញហូបចុក ដើម្បីការពារសុខភាព និងផលប្រយោជន៍សេដ្ឋកិច្ចប្រជាពលរដ្ឋ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានឱ្យដឹងថា ក្រោយការពិនិត្យផលិតផលទំនិញនៅតាមផ្ទះលក់ទំនិញ ផ្សារ និងម៉ាតនានា មន្ត្រីយើងពុំបានរកឃើញមានទំនិញពុំមានអនុលោមភាពដាក់លក់នោះទេ។

ជាមួយគ្នានេះដែរ ដើម្បីបន្តផ្សព្វផ្សាយដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ មន្ត្រីយើងបានចែកនូវផ្ទាំងរូបភាពផ្សព្វផ្សាយដល់អាជីវករចំនួន ៨ផ្ទាំងផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖