ខេត្តកោះកុង៖ ប្រភេទគ្រាប់បាញ់ផ្លោង១គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅចិញ្ចើមមួយកន្លែងក្នុងក្រុងខេមរភូមិន្ទ ដោយគ្រាប់នេះវាបានហួសសុពលភាពប្រើ តែទោះយ៉ាងណាដើម្បីសុវត្ថិភាពសមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋានក្រុងខេមរៈភូមិន្ទជាបណ្តោះអាសន្ន។
ពលរដ្ឋបានរាយការណ៍ថា ពួកគាត់បានប្រទះឃើញគ្រាប់បែក ១គ្រាប់ដែលមានការហ៊ុំព័ទនៅលើចិញ្ចើមផ្លូវលេខ៩៩៩ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ពលរដ្ឋស្នើសុំដល់អាជ្ញាធរសមត្ថកិច្ចពាក់ ព័ន្ធទាំងអស់ មេត្តាចុះពិនិត្យនិងយកវាចេញកម្ទេចចោល ចៀសវាងបង្កគ្រាះថ្នាក់ជាយថាហេតុដល់ពលរដ្ឋរស់នៅទីនោះ និងអ្នកធ្វើដំណើរតាមដងផ្លូវដែលពុំបាន ដឹងថាមានគ្រាប់ផ្ទុះ។
ភ្លាមៗនោះ គេសង្កេតឃើញ ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ចុះពិនិត្យអង្កេតដោយផ្ទាល់អំពីសណ្ឋាននៃគ្រាប់នេះ ដោយលោកអះ អាងថា វាជាប្រភេទគ្រាប់ផ្លោង(អា៦០)ហួសសុពលភាពប្រើប្រាស់ហើយសម័យសង្រ្គាម និងគ្មានក្បាលកន្ទុយគ្រាប់ទេ មានដងខ្លួនបន្តិចប៉ុណ្ណោះ។
លោកស្នងការ សន្និដ្ឋានថា គ្រាប់មិនទាន់ផ្ទុះនេះដែរ គឺមាននរណាម្នាក់រកឃើញវាក្នុងទឹកសមុទ្ររួចលើកវាឡើងលើគោក ដូច្នេះវាមិនបង្កឲ្យគ្រោះថ្នាក់អ្វីឡើយ។ ប៉ុន្តែដើម្បីបញ្រ្ចៀសការភ័យខ្លាចដល់សុវត្ថិភាពពលរដ្ឋទូទៅ លោកបានចាត់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ និងកងកម្លំាងក្រុងខេមរភូមិន្ទ យកចេញទៅរក្សាទុកនៅអធិការជាបណ្តោះអាសន្នសិន រង់ចាំអង្គការHalotrust មកទទួលកម្ទេចចោលបន្ត៕
ដោយ៖ សូរិយា